ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាប្រធានក្រុមជំនាញសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៅទីចាត់ការតំបន់ប្រតិបតិ្តការសឹករងខេត្តតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរួចមក ឯកឧត្តមគណៈអធិបតីបានមានប្រសាសន៍ថា ការជួបសំណេះសំណាលលើកនេះគឺដើម្បីស្វែងយល់ពីការអនុវត្តភារកិច្ចរបស់បងប្អូនក្នុងនាមជាកងទ័ពថាបានធ្វើអ្វីខ្លះ ហើយមានផលលំបាកអ្វីខ្លះ និងមានសំណូមពរអ្វីខ្លះ ដើម្បីថ្នាក់ដឹកនាំបានដឹង និងដោះស្រាយជូនបងប្អូន។ ឯកឧត្តមបានផ្តាំផ្ញើរបន្ថែមថាក្នុងនាមជាកងទ័ពដាច់ខាតត្រូវតែរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
នៅក្នុងឱកាសនោះដែរឯកឧត្តមគណៈអធិបតីក៏បានបញ្ជាក់ពីគម្រោងបង្កើតមូលនិធិសម្រាប់កងកម្លាំងប្រដាប់អាវុធ ដើម្បីជួយសម្រួល និងដោះស្រាយនូវបញ្ហាបន្ទាន់ និងចាំបាច់មួយចំនួនសម្រាប់បងប្អូនកងកម្លាំងប្រដាប់អាវុធផងដែរ។