រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យអភិសេករូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូក ដែលទើបសាងសង់ ជួសជុលរួចរាល់ជាស្ថាពរ ចំណាយថវិការជិត ៣ម៉ឺនដុល្លារ


រូបសំណាក់លោកតាកែវ លោកយាយកែវ និងរូបសំណាកផ្កាឈូកថ្មី ដែលស្ថិតនៅភូមិ ថ្នល់បែក សង្កាតរក្រៅ ក្រុងដូនកែវ ខាងលិចផ្សារធំតាកែវ ដែលទើបស្ថាបនារួចរាល់ជាស្ថាពរ ក្រោម ការផ្តួចផ្ដើមសាងសង់ និងជួសជុល របស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយមន្រ្តីរាជការទូទាំងខេត្ត ចំណាយថវិការអស់ជិត ៣ម៉ឺនដុល្លារ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ ក្នុងឱកាស រៀបចំពិធីអភិសេករូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូក នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា អាជ្ញាធរខេត្ត មិនបានធ្វើការសាងសង់រូបសំណាកតាកែវ យាយកែវថ្មីនោះទេ ពោល អាជ្ញាធរគ្រាន់តែ ធ្វើការជួសជុលរូបសំណាកចាស់ ដែលមានសភាពទ្រុឌទ្រោម ឲ្យល្អប្រសើរឡើងវិញ ព្រមទាំងរៀបចំ សួនច្បារកែលម្អសោភ័ណ្ឌភាពល្អ នៅកន្លែងតំកល់រូបសំណាក តែប៉ុណ្ណោះ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះថវិកា ចំណាយលើការសាងសង់សួនច្បារ និងជួសជុលរូបសំណាក តាកែវយាយកែវ និងរូបសំណាកផ្កាឈូកថ្មីនេះ គឺអាជ្ញាធរ មិនបានយក ថវិកាជាតិយកមកធ្វើនោះទេ។ ថវិកា នៃគម្រោងនេះ គឺបានមកពីការរៃអង្គាស ពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងសម្បុរសជននានា ដោយប្រមូលថវិកា បានជាង៣ម៉ឺនដុល្លា សម្រាប់គម្រោង នៃការ សាងសង់សួនច្បារ និងការជួសជុលរូបសំណាក តាកែវយាយកែវនេះ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបន្ថែមថា នៅក្នុងគម្រោងជួសជុល និងផ្លាស់ទីតាំង រូបសំណាកតាកែវយាយកែវនេះ គឺមានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ យ៉ាងផុលផុសផងដែរ តាមរយៈការបង្ហោះការគាំទ្រ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ម្យ៉ាងទៀតការផ្លាស់ប្តូរទីតាំងនេះ ក៏ដើម្បីឲ្យមានភាពទូលាយ ងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរ ទៅមក និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋមកគោរពបូជា រូបសំណាកនេះផងដែរ។
សូមបញ្ជាក់ថា ការកសាងជួសជុលរូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូកថ្មីនេះ ខាងមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តតាកែវ ដឹកនាំដោយ លោក ណុប នី ដែលជាអ្នកទទួលខុស ត្រូវ ក្នុងការស្ថាបនាសាងសង់ និងជួសជុល ត្រូវចំណាយពេលស្ថាបនាមានរយៈពេលជាង ៣ខែ និងចំណាយថវិការជិត ៣ម៉ឺនដុល្លារ៕