ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញសំណេះសំណាលជាមួយ ប្រជាការពារចំនួន ៨៧ នាក់ក្នុងឃុំព្រៃស្លឹក


ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូន ប្រជាការពារចំនួន ៨៧នាក់ទូទាំងឃុំព្រៃស្លឹក ស្រុកទ្រាំង នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ។

 

ក្រោយពីបានស្តាប់របាយការណ៍សកម្មភាពរបស់ប្រជាការពារឃុំ ដែលរាយការណ៍ដោយលោកមេឃុំរួចមក ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងកោតសរសើរដល់បងប្អូនប្រជាការពារដែល បានស្ម័គ្រចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ពេលវេលាជាមួយ ក្រុមគ្រួសារ ខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្តាធ្នាប់ នៅក្នុងមូលដ្ឋាន បើទោះបីជាបងប្អូនពុំ មែនជាសមត្ថកិច្ចក៏ដោយ តែបងប្អូនស្ថិតនៅចំនុចកណ្តាល រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលអាចចូលរួមចំណែកជួយ ដល់ សម្ថកិច្ចក្នុងការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបបងប្អូនប្រជាការពារទាំង អស់ថាគោលបំណងនៃការជួបសំណេះសំណាល នាពេលនេះ គឺដើម្បីបានដឹងពីបញ្ហាប្រឈម និងតម្រូវការរបស់បងប្អូន ហើយឯកឧត្តមនឹងខិតខំគៀងគរការឧបត្ថម្ភគាំទ្រ ព្រមទាំង រៀបចំផែនការ និងកម្មវិធីបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើន សមត្ថភាព និងពង្រីកកម្មភាពប្រជាការពារយើងកាន់តែមាន ប្រសិទ្ធិភាពដើម្បីភូមិ ឃុំរបស់យើង។

ជាចុងក្រោយ ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្តាំផ្ញើដល់បងប្អូន ប្រជាការពារ ត្រូវទុកចិត្តគ្នាទៅវិញទៅមក រួមសហការគ្នា ឱ្យបានល្អ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ហើយជៀសវាង ដាច់ខាតការធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលនាំឱ្យខូច កិត្តិយស កេរ្តិ៍ឈ្មោះប្រជាការពារទាំងមូល ជាពិសេសត្រូវធ្វើ សកម្មភាពត្រឹមដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមចក្ខុវិស័យ និងទិសដៅរបស់ប្រជាការពារ មិនត្រូវធ្វើលើសពីដែន សមត្ថកិច្ចដែលអាចនាំឱ្យមានបញ្ហាដល់ខ្លួនឡើយ។