ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រគល់ម៉ូតូដល់សិស្សឆ្នើមនិទ្ទេស A ចំនួន ៤រូបក្នុងស្រុកបាទី


រសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកបាទី បានជួបសំណេះសំណាលជាមួយសិស្សឆ្នើមនិទ្ទេស A ចំនួន ០៤រូប ក្នុងស្រុកបាទី និងអាណាព្យាបាល ព្រមទាំងប្រគល់ម៉ូតូ Dream ១២៥ ឆ្នាំ២០១៨ ម្នាក់មួយគ្រឿង និងថវិកាឧបត្ថម្ភមួយចំនួន ដល់សិស្សានុសិស្សទាំង ០៤រូប ដែលមានរាយនាមដូចតទៅ ៖

១- កេង សុខមករា ភេទ ប្រុស មកពី ឃុំត្នោត

២- កាំង លីភីង ភេទ ស្រី មកពី ឃុំដូង

៣- សុង ទីមធន ភេទប្រុស មកពីឃុំដូង ជាសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ១ មិថុនា។

៤- ជាតិ សុខហួន ភេទស្រី សិស្ស វិទ្យាល័យត្រាំខ្នារ មកពី ឃុំសូរភី។

 

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងកោតសរសើរដល់ការខិតខំរបស់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ចូលរួមពង្រឹងគុណភាពអប់រំនៅក្នុងស្រុក និងជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សទាំងអស់ ក៏ដូចជាអាណាព្យាបាលដែលបានខិតខំអប់រំទូន្មានប្អូនៗឱ្យខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានកោតសរសើរដល់ប្អូនៗសិស្សឆ្នើមទាំង ០៤រូប ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។ ឯកឧត្តមបានបន្តថាលទ្ធផលដែលប្អូនទទួលបាននាពេលនេះគឺពិតជាមានតម្លៃណាស់សម្រាប់ប្អូនៗ ហើយមិនតែប៉ុណ្ណោះលទ្ធផលនេះក៏បាននាំមកនូវការលើកម្ពស់កិត្យានុភាពដល់ភូមិ ឃុំ សាលារៀន និងស្រុកបាទីទាំងមូល ជាពិសេសគឺលើកកម្ពស់កិត្តិយសរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។

ជាចុងក្រោយឯកឧត្តមអ្នកតំណាងរាស្ត្រ បានផ្តាំផ្ញើដល់ប្អូនៗជ្រើសរើសការសិក្សានៅថ្នាក់ឧត្តមសិក្សាទៅតាមមុខវិជ្ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីងាយស្រួលស្វែងរកការងារធ្វើនៅពេលបញ្ចប់ការសិក្សា និងត្រូវបន្តខិតខំរៀនសូត្រកាន់តែខ្លាំងថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏ពិតប្រាកដ មានចំណេះដឹង សមត្ថភាព ដើម្បីយកមកអភិវឌ្ឍន៍ គ្រួសារ សង្គម ប្រទេសជាតិ ជាពិសេសចូលរួមថែរក្សា សុខសន្តិភាព និងសមិទ្ធិផល នានារបស់រាជរដ្ឋាភិបាលកម្ពុជា។