ព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម កឹម រ័ត្នវិសិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និង ជាប្រធានវេទិការសម្ព័ន្ធសង្គមស៊ីវិល លោក ទ័រ លីន ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ មន្ទីរពេទ្យបេះដូង ខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពី ប្រទេសចិន មកពិនិត្យ និងព្យាបាលជំងឺបេះដូងដល់ កុមារ អាយុក្រោម ១៤ឆ្នាំ នៅវិទ្យាល័យ គិត ម៉េង ប្រសាទ ស្ថិតឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្ដម កឹម រ័ត្នវិសិទ្ធ បានថ្លែងឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ដែលក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសចិន បានដឹកនាំក្រុមគ្រូពេទ្យជំនាញបេះដូង មកពិនិត្យ និង ព្យាបាលជំងឺនេះជូនកុមារកម្ពុជា គឺជាលើកទី ១០ ហើយ ដែលក្រុមគ្រូពេទ្យចិនចុះមកពិនិត្យសុខភាព ផ្នែកបេះដូង ជូនកុមារកម្ពុជា និង ធ្លាប់បានបញ្ជូនកុមារកម្ពុជាជិត ៣០នាក់ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ពិបាកក្នុងការព្យាបាលទៅ ពិនិត្យ និង ព្យាបាលជំងឺបេះដូង នៅប្រទេសចិន ឲ្យបានជាសះស្បើយត្រលប់មកផ្ទះវិញដោយសុវត្ថិភាព នឹង គ្មានចំណាយថវិការអ្វីទាំងអស់ គឺក្រុមគ្រូពេទ្យចិនជាអ្នករ៉ាប់រងរាល់ការចំណាយទាំងអស់ក្នុងអំឡុង ពេលពិនិត្យ និង ព្យាបាល នៅក្នុងប្រទេសចិន៕