ឯកឧត្តម សុខ ពុទ្ធិវុធ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំបម្រើប្រជាពលរដ្ឋទ្វេដងដើម្បីតបស្នងនូវការគាំទ្ររបស់បងប្អូន


ឯកឧត្តម​ សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចុះជួយចង្កោម ៨ឃុំ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងខិតខំបម្រើប្រជាពលរដ្ឋទ្វេដងដើម្បីតបស្នងនូវការគាំទ្ររបស់បងប្អូន។ ឯកឧត្តមបន្តថា តាមរយៈការបន្តធ្វើកំណែរទម្រង់ស៊ីជម្រៅ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងខិតខំធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត ព្រមទាំងជម្រុញបង្កើននូវប្រសិទ្ធភាពសេវាសាធារណៈ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន ដែលនឹងបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រជូនបងប្អូន។ ដោយឡែកក្នុងនាមឯកឧត្តមជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តមនឹងបន្តខិតខំចូលរួមចំណែកអភិវឌ្ឍន៍ស្រុកទ្រាំងឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។

 

ថ្លែងបែបនេះនៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី​ គណបក្សប្រជាជនកម្ពុជា ក្នុងឃុំរនាមចំនួន៧២៨នាក់ នាព្រឹកថ្ងៃអាទិត្យ​ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​ សុខ សប្បាយណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរនាម និងលោក ឈួន ផាន់នី ប្រធានគណៈកម្មាធិការគណបក្សស្រុកផងដែរ។

 

នាឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ព្រមទាំងបានជម្រាបជូនបងប្អូនថាការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនរបស់បងប្អូនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ រំដោះប្រទេសជាតិរំដោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំការពារសន្តិភាព ស្ថេរភាព និងកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការរីកចំរើនជឿនលឿនដូចសព្វថ្ងៃនេះ។

 

ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជម្រាបជូនបន្ថែមដល់សមាជិកគណបក្សថ្មី អំពីជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយរដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលក៏ត្រូវបានបង្កើតប្រកបដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ និងបានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គោលការណ៍ ក៏ដូចជាអង្គការចាត់តាំងរបស់គណបក្ស ហើយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការអនុវត្តការងារដើម្បីបុព្វហេតុគណបក្ស និងសង្គមជាតិ ព្រោះថាការរួបរួមសាមគ្គីគ្នា និងការបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស្ម័គ្រនេះហើយទើបគណបក្សបានទទួលនូវការគាំទ្ររហូតទទួលនូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមកនេះ។