ព្រឹកថ្ងៃស្រុក ០៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរី ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៨៦គ្រួសារ មានចំនួន ០៣ភូមិ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងចូលរួមសំដែងនូវការសោកស្តាយ និងចែករំលែកនូវទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដែលឆ្នាំនេះទឹកមានកម្ពស់ខ្ពស់ជាងបណ្តាឆ្នាំមុនៗធ្វើឱ្យលិចលង់ដល់លំនៅដ្ឋាន ដំណាំកសិកម្មរបស់បងប្អូន ប៉ុន្តែក្នុងនាមអាជ្ញាធរ ក៏ដូចជាសាខាកាកបាទក្រហមខេត្តតែងតែយកចិត្តទុកដាក់ចុះជួយបងប្អូននៅក្បែបងប្អូនគ្រប់កាលៈទេសៈស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ ជាពិសេសយកចិត្តទុកដាក់ចំពោះកុមារតូចៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។