បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៨ រវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងឡុងសៀង ខេត្តអានយ៉ាង នាព្រលប់ថ្ងៃព្រហស្បតិ៍ ០៤រោច ខែស្រាពណ៍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានចុះពិនិត្យជាក់ស្តែងករណីបាក់ក្បាលស្ពានប្រឡាយ៩៩ ខាងលិច នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារដោយសារទឹកឡើងខ្លាំងហូរច្រោះ និងមានរលកបោកបណ្តាលឱ្យបាក់។
ក្រោយពីទទួលដំណឹងពីការបាក់នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ភ្លាមឯកឧត្តមបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវចាត់ចែងអន្តរាគមន៍ភ្លាមៗជាបន្ទាន់ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកុំឱ្យប៉ះពាល់ដល់ស្ពាន ហើយឯកឧត្តមក៏បានផ្តល់ដីចំនួន ៦៥ឡាន ឱ្យអាជ្ញាធរចាត់ចែងច្រកដីដាក់បាវខ្សាច់ទប់ និងចាក់លុបត្រង់ចំនុចបាក់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ហើយរហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតា។