ប្រជាពលរដ្ឋជាង ៦០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបុរីជលសារ ទទួលបានអំណោយពីឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម អ៊ូច ភា


ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបុរីជលសារ ខេត្តតាកែវ ត្រូវបានឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះជួយផ្តល់ជំនួយសង្គ្រោះចំនួនជាង ៦០០គ្រួសារ ។

ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ថា កម្ពស់ទឹកឆ្នាំនេះមានកម្ពស់ខ្ពស់ជាង ១ម៉ែត្រ បើប្រៀបធៀបនឹងឆ្នាំមុន ដែលបណ្តាលឲ្យ មានការលិចលង់ផ្ទះសម្បែង ដីស្រែ និងដំណាំដាំដុះនានារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថាស្ថិតក្នុងពេលវេលាដែលបងប្អូនកំពុងជួបប្រទះការលំបាកនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានគិតគូរ និងយកចិត្តទុកដាក់ ចុះជួយពលរដ្ឋ ជាប្រចំា និងត្រៀមលក្ខណៈ អន្តរាគមន៍ជួយដល់បងប្អូនប្រសិនមានករណីបន្ទាន់ណាមួយកើតឡើង។ ជាមួយគ្នានោះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូន ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវមើលថែកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូននូវដំណឹងល្អជូនដល់បងប្អូនប្រជាពលរដ្ឋគឺជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺផ្លូវបេតុងមួយខ្សែរប្រវែង ១៨គ.ម ចាប់ពីផ្លូវបំបែកល្វេរហូតដល់ទីប្រជុំជនកំពង់អំពិលនឹងត្រូវចាប់ផ្តើមស្ថាបនានៅចុងខែវិច្ឆិកាឬខែធ្នូខាងមុខនេះហើយ។

បន្ថែមពីនេះ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ដល់ការលំបាករបស់ប្រជាពលរដ្ឋប្រទេសពេលវេលា គ្រប់កាលៈទេសៈ ជាក់ស្តែងការផ្តល់អំណោយសង្គ្រោះបន្ទាន់នាពេលនេះ ដែលមានស្បៀង អាហារបម្រុង ថ្នាំពេទ្យ សម្ភារប្រើប្រាស់ប្រចំាថ្ងៃនេះ បានធ្វើឡើងតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា នៅក្រោយការបោះឆ្នោត ទោះបីរដ្ឋសភារាជរដ្ឋាភិបាលថ្មី មិនទាន់កើតឡើងជាផ្លូវការក្តី តែមន្រ្តី ថ្នាក់ដឹកនាំ ស្ថាប័នក្រសួងទំាងអស់ ត្រូវចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជួនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ។ឯកឧត្តម សួស យ៉ារ៉ា បានសង្កត់ធ្ងន់ នៅក្នុងអាណត្តិទី៦នេះ នៅស្រុកបុរីជលសារ នឹងទទួលបានផ្លូវបេតុង រហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ជាផ្លូវដែលជាចំណងដៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋផងដែរ៕