ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង ខេត្តតាកែវ រៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់មន្ត្រីគណបក្សទូទាំងស្រុកទ្រាំង


ដើម្បីអបអរសាទរជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយចង្កោម ៨ឃុំ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់មន្ត្រីគណបក្សទូទាំងស្រុកទ្រាំង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ចូលរួមនាំមកនូវជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅស្រុកទ្រាំង ខេត្តតាកែវ ។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សស្រុកទ្រាំង ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំទាំង១៤ទូទាំងស្រុកទ្រាំងព្រមទាំងសាខាបក្សភូមិ គណបក្សឃុំ មន្រ្តីគណបក្សទូទាំងស្រុកប្រមាណជិត ៨០០នាក់។

ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ដែលបានខិតខំរួបរួមសាមគ្គីគ្នា នាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់មកជូនគណបក្សនាពេលនេះ និងបានបង្ហាញពីការតាំងចិត្តយ៉ាងមុតម៉ាំក្នុងការចូលរួមអភិវឌ្ឍន៍ភូមិឃុំ នៅក្នុងស្រុកទ្រាំង ជាក់ស្តែងឯកឧត្តមបាននាំក្រុមការងារជំនាញជនជាតិឥណ្ឌាមកសិក្សាក្នុងការបង្កើតជាភូមិឌីជីថត ដែលត្រូវបានសិក្សាបញ្ចប់ជំហ៊ានទីមួយរួចហើយ និងបន្តសិក្សាលម្អិតបន្ថែម ហើយគម្រោងនេះគឺជាគម្រោងដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាយើង។

ដោយឡែកឯកឧត្តម សុខ ផេង ក៏បានថ្លែងអំណរគុណដល់មន្ត្រីគណបក្សទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកនាំមកនូវជ័យជម្នះជូនគណបក្ស និងបានលើកឡើងពីចំនុចខ្លាំង ចំនុចខ្សោយដែលជួបប្រទះកន្លងដើម្បីដកស្រង់ជាបទពិសោធន៍ និងបានលើកពីឱ្យលើកផែនការក្នុងការបណ្តុះបណ្តាលមន្ត្រីគណបក្សដើម្បីពង្រឹងសមត្ថភាព ជាពិសេសគឺឱ្យបានយល់ដឹងស៊ីជម្រៅទាក់ទងនឹងគោលការណ៍របស់គណបក្ស និងអនុវត្តការងារភារកិច្ចមប្រើដល់ប្រយោជន៍រួមរបស់គណបក្ស និងបានជម្រុញដល់សមាជិក សមាជិកាគណបក្សទាំងអស់បន្តរួបរួមសាមគ្គីគ្នា និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីជាការតបស្នងចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយឯកឧត្តម សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានផ្តល់នូវនាឡិការម្នាក់មួយគ្រឿងជូនដល់សមាជិក សមាជិកាគណបក្សដែលចូលរួមក្នុងកម្មវិធីនេះផងដែរ។

សូមបញ្ជាក់ថានៅទូទាំងខេត្តតាកែវមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ សរុបចំនួន ៥១១ ១៨៩នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៥៨៥ ៥៦៤នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ៣៧៦ ៥៧៩សម្លេង ដោយឡែកស្រុកទ្រាំងខេត្តតាកែវ ប្រជាពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៥៧ ០៧៦នាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតសរុបចំនួន ៦៦ ៤១៣នាក់ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រ ៤២ ៩៩០សម្លេង។