ឯកឧត្តម អ៊ូច ភា នាំយកអំណោយកាកបាទក្រហមចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់


ព្រឹកថ្ងៃសុក្រ ០៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនឹង ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១១៧ គ្រួសារ មានចំនួន៧ភូមិ ក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងនៅបរិវេណវត្តពាមមង្គលបូរី ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗ ក៏ដូចជាប្រុងប្រយ័ត្នចំពោះសត្វអសេរពិសដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម តង់ ១ មី ១កេស ត្រីខកំប៉ុង ១ឡូ និងថវិកាមួយចំនួនផងដែរ៕