ពិធីបិទយុទ្ធនាការឃោសនាឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅស្រុកទ្រាំងក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន និង ឯកឧត្តម ជា សុខុម អនុប្រធាន ប្រធាន សហប្រធាន ក្រុមការងារឃុំ សមាជិកសមាជិកា ប្រមាណ ១.៤០០នាក់ នៅការិយាល័យគណបក្សស្រុកទ្រាំង កាលពីព្រឹកថ្ងៃសុក្រ ១៥កេីត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដេីម្បីផ្សព្វផ្សាយគោលនយោបាយគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស។
នាឱកាសនោះឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍សង្កត់ធ្ងន់ពីការខិតខំរបស់គណបក្ស ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានខិតខំប្រឹងប្រែងយ៉ាងលំបាកក្នុងការនាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជូនដល់ប្រទេសជាតិ និងបានអំពាវនាវដល់សមាជិកទាំងអស់រួបរួមគ្នាថែទាំ ការពារឱ្យបានល្អ ដើម្បីបន្សល់ទុកជូនដល់កូនចៅគ្រប់ៗជំនាន់តទៅ ហើយដើម្បីរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនេះបានគឺត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពជូនបងប្អូន។
ដោយឡែកឯកឧត្តម សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានផ្តាំផ្ញើសមាជិក សមាជិកាទាំងអស់ត្រូវពិនិត្យឯកសារនានា ដែលបម្រើឱ្យការបោះឆ្នោតទាំងអស់ឱ្យបានច្បាស់លាស់ ត្រឹមត្រូវជៀសវាងនាំឱ្យមានបញ្ហាមិនអាចបោះឆ្នោតបាន ហើយត្រូវណែនាំដល់បងប្អូន កូនក្មួយ មិត្តភក្តិទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។