សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្លឹកប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ


បន្ទាប់ពីចុះជួបសំនេះសំណាលជាមួយមេក្រុមបក្សនៅក្នុងភូមិជ្រៃ ឃុំសន្លុង នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨រួចមក នៅរសៀលថ្ងៃដដែលឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងបានបន្តចុះសំណេះសំណាលជាមួយមេក្រុមបក្សនៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹកបន្ថែមទៀត។

នៅក្នុងឱកាសនោះឯកឧត្តមមានប្រសាសន៍ថាទម្រាំកសាងប្រទេសមកដល់ចំនុចនេះគឺពុំមែនជារឿងងាយស្រួលឡើយ ថ្នាក់ដឹកនាំគណបក្សបានយកជីវិតទៅប្តូរ និងជម្នះគ្រប់ឧបសគ្គជារាប់មិនអស់ដើម្បីតែសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេស។ ឯកឧត្តមបន្តថារាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតយើងត្រូវបានគេប្រសិទ្ធិនាមថាជាខ្លាថ្មីនៅអាស៊ី។ ដូច្នេះដើម្បីឱ្យប្រទសយើងកាន់តែមានការអភិវឌ្ឍជឿនលឿនដូចបណ្តាប្រទេសជឿនលឿនដ៏ទៃទៀតនោះគឺយើងចាំបាច់ត្រូវតែរក្សាឱ្យបាននូវសន្តិភាពដែលមាននៅក្នុងប្រទេសយើង ហើយយើងត្រូវតែរួបរួមគ្នពង្រឹងគុណភាពនៃការអភិវឌ្ឍរបស់យើងឱ្យកាន់តែប្រសើរឡើង

ឯកឧត្តមអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំ បានជម្រុញប្រធានក្រុមបក្ស មេគ្រួសារបក្ស ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ជួយដល់បក្សភូមិដើម្បីជម្រុញដល់សមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋបានទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ព្រោះបានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពជូនបងប្អូន។

ជាមួយគ្នានោះឯកឧត្តមក៏បានបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រូវតាមនីតិវិធីរបស់គ. ជ. ប ដល់សមាជិក សមាជិកាគណបក្ស រីឯសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្លឹកទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងមុះមុតថានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅកម្ពុជា។