សមាជិក សមាជិកាគណបក្សឃុំស្មោង ក្នុងស្រុកទ្រាំង ប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំស្មោង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្មោង ក្នុងស្រុកទ្រាំង បានប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ចំពោះមុខ

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក្នុងពិធីសំណេះសំណាល និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិកបក្សចំនួន ៥៩១នាក់នៅឃុំស្មោង ស្រុកទ្រាំង។

ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថា ក្រោយរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ក្នុងថ្ងៃ០៧ មករា ១៩៧៩ និងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយដែលនាំឱ្យប្រទេសទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សរហូតក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងមានគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។  ឯកឧត្តមបន្តថាដើម្បីសម្រេចនៅគោលដៅនេះ កត្តាសំខាន់បំផុតគឺសន្តិភាព នៅពេលដែលយើងមានសន្តិភាព យើងត្រូវពង្រឹងគុណភាពនៃការអភិវឌ្ឍ ហើយការដាក់ចេញនូវអភិក្រមទាំង ៥របស់សម្តេចប្រធានគណបក្សគឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ ក៏ជាផ្នែកមួយនៃការពង្រឹងការអភិវឌ្ឍប្រកបដោយគុណភាពនេះដែរ ដូច្នេះសូមបងប្អូនរួបរួមគ្នា ហើយសូមទៅបោះឆ្នោតជូនគណបក្សទាំងអស់គ្នាដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល បានណែនាំដល់សមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាឱ្យបានល្អ និងស្អិតរមួតជាមួយគណបក្សភូមិ គណបក្សឃុំ ដើម្បីផ្តល់ និងទទួលព័ត៌មានក្នុងករណីមានជនអគតិណាមករារាំងដល់សមាជិកយើងមុនឱ្យទៅបោះឆ្នោត ឬក៏មានបញ្ហាណាមួយកើតឡើងចំពោះសមាជិកបក្ស ងាយស្រួលជួយសម្របសម្រួលដល់សមាជិកបក្សបានទៅបោះឆ្នោតទាំងអស់គ្នា។ ឯកឧត្តមក៏បានសុំការយោគយល់ពីសមាជិកបក្ស បើមានការថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំភូមិ ឃុំ សូមទុកមួយឡែកសិន សូមកុំខឹងគោវ៉ៃរទេះ ហើយសូមទៅបោះឆ្នោតទាំងអស់គ្នាហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោយើងបន្តដឹកនាំប្រទេសជាតិយើងបន្តទៀត។