ឯកឧត្តម សុខ ពុទ្ធិវុធ ចុះសំណេះសំណាល និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតជូនសមាជិកគណបក្សនៅតាមខ្នងផ្ទះ


ក្រៅពីចុះជួបសំណេះសំណាលជាមួយក្រុមបក្ស សមាជិកបក្ស នៅតាមស្នាក់ការឃុំមួយចំនួនក្នុងស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានចុះជួបសំណេះសំណាល និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះបន្ថែមទៀត។ ជាក់ស្តែងនាថ្ងៃសៅរ៍ ០៩កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំអង្គកែវពេញមួយថ្ងៃ។

ទន្ទឹមនឹងការសំណេះសំណាល និងបង្ហាញពីការគូសសន្លឹកឆ្នោតឯកឧត្តម សុខ ពុទ្ធិវុធ បានមើលឃើញពីកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិកដែលមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមមានប្រសាសន៍ថា តាមការសង្កេត កម្រិតជីវភាពរបស់បងប្អូនយើងមានភាពរីកចំរើនគួរឱ្យកត់សម្គាល់ ដែលនេះហើយគឺជាផ្លែផ្កានៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនដើម្បីស្តារប្រទេសជាតិយើងឡើងវិញក្រោយរំដោះពីរបបប្រល័យពូជាសាសន៍ ក្នុងនៅការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រត្រូវបានចាត់ទុកជាអទិភាព ហើយវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ពេលនេះប្រទេសយើងចាប់ផ្តើមរីកចម្រើនហើយក្រោមការដឹកនាំរបស់គណបក្សប្រជាជន ហើយអ្វីដែលយើងត្រូវពង្រឹងបន្ថែមគឺគុណភាព ដូច្នេះយើងត្រូវជម្រុញយុវជនរបស់យើងយកចិត្តទុកដាក់ពង្រឹងគុណភាពនៃការអប់រំរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយគណបក្សក្នុងការអភិវឌ្ឍប្រទេសយើងទៅមុខទៀត។

ឯកឧត្តមអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានណែនាំដល់សមាជិកគណបក្សអំពីនីតិវិធីនៃការការបោះឆ្នោត និងគូសសន្លឹក ព្រមទាំងជម្រុញបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សនៅឃុំអង្គកែវ បានរៀបរាប់ពីទុក្ខវេទនានៅក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបានសម្តែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលបានរំដោះប្រទេស ហើយអភិវឌ្ឍន៍ប្រទេស នាំសន្តិភាពពេញលេញ ទើបគាត់អាចមានជីវភាពប្រសើរឡើងដូចសព្វថ្ងៃ និងមានលទ្ធភាពបញ្ជូនកូនទៅសិក្សាទទួលបានចំណេះដឹងជ្រៅជ្រះ ទទួលបានការងារល្អ ហើយអាចទៅបម្រើការងារនៅក្រៅប្រទេស និងបានផ្ញើថវិកាមកជួយផ្គត់ផ្គង់គ្រួសារធ្វើឱ្យជីវភាពកាន់តែធូរធាមួយកម្រិតថែមទៀត។ បងប្អូនបានបន្ថែមថាគណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែក របស់ប្រជាជន ហើយប្រជាជនបានរស់នៅសុខសាន្តមកដល់ពេលនេះក៏ដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់នឹងទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។