ឯកឧត្តម សុខ សូកាន ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកគណបក្សទាំង ១២ឃុំ ក្នុងស្រុកគិរីវង់ និងបន្តចុះតាមភូមិទាំង១១៥ រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនា


គិតត្រឹមថ្ងៃសុក្រ ០៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ រួមជាមួយក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំគណបក្សស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ បានចុះចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកគណបក្ស ទាំង១២ឃុំ ក្នុងស្រុកគិរីវង់ហើយគិតរួមបញ្ចូលទាំងឃុំចំនួន ០៤គឺឃុំកំពែង ឃុំរាមអណ្តើក ឃុំគោកព្រេច និងឃុំអង្គប្រាសាទ ដែលឯកឧត្តមបានចុះកាលពីម្សិលម៉ិញ ហើយនឹងបន្តចុះតាមភូមិទាំង១១៥រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត។
ឯកឧត្តមបានថ្លែងរំលឹកថា ចាប់តាំងពីការបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៣មក ស្រុកគិរីវង់ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះគ្រប់អាណ្តត្តិ ហើយនេះគឺជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្តេចបានចង្អុលបង្ហាញ និងដឹកនាំក្រុមការងារស្រុកគិរីវង់ដោយផ្ទាល់ប្រកបដោយបញ្ញានុភាព និងចក្ខុវិស័យយ៉ាងស៊ីជម្រៅ។

ក្នុងឱកាសនោះ ឯកឧត្តមកក៏បានជម្រាបជូនសមាជិក សមាជិកាថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ ដែលបានរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ការតស៊ូលះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិនិងប្រជាជន រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងបន្តអភិវឌ្ឍន៍ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រមទាំងជម្រុញដល់មិត្តភក្តិ សាច់ញាតិបងប្អូនរបស់ខ្លួន ទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។