ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រុញដល់សមាជិកគណបក្ស ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងរួបរួមសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ


ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានធ្វើការជម្រុញដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំរនាម ស្រុកទ្រាំង ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាធនធានប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកពង្រឹងគណបក្ស ក៏ដូចជាចូលរួមអភិវឌ្ឍន៍ និងបង្កើតនូវសមិទ្ធផលជូនប្រទេសជាតិ ហើយត្រូវចែករំលែកចំណេះដឹងដល់សមាជិកយើងទៅវិញទៅមក ប្រសិនបើចេះ១០ ត្រូវបង្រៀនទាំង១០ ហើយស្រាវជ្រាវខ្លួនឯងបន្ថែម ១ឬ២ទៀតទើបសង្គមយើងកាន់តែរីកចំរើន។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានប្រាប់ដល់សមាជិកគណបក្សឃុំត្រូវរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ តាមគំរូដ៏ល្អដែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់ ។ ដោយសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំនេះហើយ ទើបថ្នាក់ដឹកនាំគណបក្សបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងដឹកនាំកសាងប្រទេសចាប់ពីចំណុចសូន្យរហូតទទួលបាននូវសុខសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយបានអភិវឌ្ឍន៍កម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក ហើយមកដល់បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូបមធ្បមកំរិតទាប នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្បមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះមានតែការរួបរួមសាមគ្គីគ្នានេះទេទើបអាចរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើន និងសម្រេចគោលដៅនាពេលខាងមុខបាន។

ថ្លែងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សឃុំរនាម ស្រុកទ្រាំង នារសៀលថ្ងៃចន្ទ ០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការបក្សឃុំ។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានជម្រាបជូនបងប្អូនពីវិធានការជាអទិភាពរបស់គណបក្សត្រូវជម្រុញអនុវត្តក្នុងឆ្នាំ២០១៩ ដែលត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និងបានអំពាវនាវសមាជិកទាំងអស់ទៅបោះឆ្នោត ហើយបោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។