ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារយុវជន និង សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដតាកែវ បានរៀបចំពិធីជួបសំណេះសំណាល នៅការិយាល័យបក្ស ស្រុកទ្រាំង ដោយគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជារ និងនីតិវិធីនៃការបោះឆ្នោត។ កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង បេក្ខជនពេញសិទ្ធិតំណាងរាស្រ្ដខេត្ដតាកែវ ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និង ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន សរុបចំនួន៦៧១នាក់។
ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា ការកសាងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍប្រទេសជាតិប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គឺមិនមែនបានមកដោយចៃដន្យនោះទេ វាកើតចេញពីការខិតខំពុះពារគ្រប់ឧបស័គ្គរាប់មិនអស់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្ស។ ហើយសន្តិភាព និងការអភិវឌ្ឍបានបង្កើតឱកាសសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីកចំរើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែងកម្ពុជាបានក្លាយជាប្រទេសមហាអំណាចវប្បធម៌មួយ តាមរយៈសម្បត្តិវប្បធម៌ដ៏សំបូរបែប ទាំងរូបីយ៍ និងអរូបីយ៍ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ដ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនតែប៉ុណ្ណោះកម្ពុជាបានទទួលការគាំទ្រយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២ ក្រោមការខិតខំប្រឹងប្រែងរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ដែលសម្ដេចបានលះបង់ទាំងកម្លាំងកាយចិត្ដ និងកម្លាំប្រាជ្ញា ដើម្បីឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិលើវិស័យការទូតវប្បធម៌ និងមានប្រទេសជាច្រើនបានរៀនសូត្រពីកម្ពុជា។ ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារយុវជន បានចាក់បញ្ចាំងវីដេអូស្ដីពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងគោលបំណងជំរុញយុវជនឲ្យបានស្វែងយល់ច្បាស់ពីការឆ្លងកាត់កិច្ចការដ៏លំបាកជាច្រើន រួមទាំងភាពឆ្លៀសវៃប្រកបដោយបញ្ញាញាណ និងយុទ្ធសាស្រ្ដស៊ីជម្រៅរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានលើកតម្កើនឧត្ដមភាពរបស់កម្ពុជាក្នុងវិស័យវប្បធម៌លើឆាកអន្តរជាតិ។
ឯកឧត្ដម បានបន្តថា ដើម្បីចូលរួមថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ នេះ។
ថ្លែងក្នុងការឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុមការងារយុវជនទាំងអស់ ក្នុងការការចូលរួមចំណែក និង សហការយ៉ាងល្អកន្លងមកជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងបុព្វហេតុជាតិនិងប្រជាជន។ ឯកឧត្តម បានរំលឹកដល់សកម្មជនយុវជនបក្សស្រុកទ្រាំងទាំងអស់ត្រូវរក្សានូវសាមគ្គីភាពផ្ទៃក្នុង ដូចដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់ ដោយឈរលើគោលការណ៍ ចង្កឹះមួយបាច់កាច់មិនបាក់ នេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនគណបក្ស។ ឯកឧត្តម បានបន្តថា ដោយសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំនេះហើយ ទើបថ្នាក់ដឹកនាំគណបក្សបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងដឹកនាំកសាងប្រទេសចាប់ពីចំណុចសូន្យរហូតមកដល់បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូបមធ្បមកំរិតទាប នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្បមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមពីនោះឯកឧត្តម ក៏បានជម្រុញដល់យុវជនទាំងអស់ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនដើម្បីបង្កើតនូវសមិទ្ធផលជូនប្រទេសជាតិ ដូចគំរូវីរៈភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានបន្សល់ទុកសម្រាប់ជាតិ ហើយត្រូវចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ប្រសិនបើចេះ១០ ត្រូវបង្រៀនទាំង១០ ហើយស្រាវជ្រាវខ្លួនឯងបន្ថែម ១ឬ២ទៀតទើបសង្គមយើងកាន់តែរីកចំរើន។ ឯកឧត្តមបន្តថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានទស្សនៈវិស័យវែងឆ្ងាយ ដូច្នេះគោលនយោបាយរបស់គណបក្សមិនត្រឹមតែផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សរបស់យើងបន្ថែមទៀត។ យើងមិនត្រឹមតែឱ្យត្រីដល់គាត់ញ៉ាំទេ តែបង្រៀនសមាជិកយើងឲ្យចេះចាប់ត្រីដោយខ្លួនឯងហើយត្រូវចេះថែរក្សាប្រភពត្រីឲ្យបានល្អ ទើបត្រីនៅគង់វង់តទៅអ្នកជំនាន់ក្រោយ។
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងបានមានប្រសាសន៍ថា ក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន តែងតែចុះជួយតាមមូលដ្ឋានក្នុងខេត្ដតាកែវ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស។ ឯកឧត្តម បានជំរុញយុវជនត្រូវទៅបោះឆ្នោត ព្រមទាំងជួយជម្រុញដល់ក្រុមគ្រួសារនិងមិត្ដភក្តិឲ្យចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដម ប្រធានក្រុមការងារ បានណែនាំពីរបៀបគូសសន្លឹកឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជូនសមាជិក សមាជិការដែលបានចូលរួមក្នុងកម្មវិធី។