ឯកឧត្តម សុខ ពុទ្ធិវុធ បញ្ជាក់ថាប្រសិនបើយើងថែរក្សាបាននូវសន្តិភាព នោះប្រទេសយើងនឹងរីកចំរើនគ្មានព្រំដែនឡើយ


ចាប់ផ្តើមជាមួយការថ្លែងអបអរសាទរខួប១០ ឆ្នាំ ថ្ងៃដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ឯកឧត្តម សុខ ពុទ្ធិវុធ បានជម្រាបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអង្គកែវចំនួន ១៨៧នាក់ ក្នុងពិធីសំណេះសំណាល ណែនាំពីការគូសសន្លឹកឆ្នោត និងនីតិវិធីមួយចំនួនក្នុងថ្ងៃបោះឆ្នោត នៅស្នាក់ការគណបក្សឃុំ នាព្រឹកថ្ងៃអាទិត្យ ០៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ថាប្រសិនបើយើងថែរក្សាបាននូវសន្តិភាព នោះប្រទេសយើងនឹងរីកចំរើនគ្មានព្រំដែនឡើយ ហើយដោយសារសន្តិភាពនេះទើបយើងអាចអភិវឌ្ឍន៍ប្រទេសយើងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក។

 ឯកឧត្តមអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំបន្តថា សន្តិភាពពេញលេញទូទាំងប្រទេសដែល នាំមកដោយថ្នាក់ដឹកនាំគណបក្សគណបក្សប្រជាជន គឺជាសន្តិភាពដែលយើងពុំដែលមានឡើយក្នុងរយៈពេល ៥០០ឆ្នាំកន្លងមក ហើយវាបានផ្តល់នូវឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនស្ទើគ្រប់វិស័យ ធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីសុះសាយ ហើយពិភពលោកទទួលស្គាល់ ហើយមានតែគណបក្សបករជាជនកម្ពុជាតែមួយគត់ដែល អាចនាំមក និងការពារសន្តិភាពនេះបាន។

ឯកឧត្តមបន្តថាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បាននឹងកំពុងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រកបដោយគុណភាព តាមរយៈការដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ក៏ដូចជាអភិក្រមរបស់សម្តេចប្រធានគណបក្សគឺ ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ជាដើម ហើយក្រោយជ័យជម្នះនៃការបោះឆ្នោតខាងមុខនេះគណបក្សបានដាក់ចេញនូវវិធានការមួយចំនួន ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។

ទន្ទឹមនឹងនោះឯកឧត្តមបានជម្រុញដល់សមាជិកគណបក្សទាំងអស់យកចិត្តទុកដាក់រួបរួមគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយត្រូវទៅបោះឆ្នោតទាំងអស់គ្នា បោះឱ្យត្រូវជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។

បន្ទាប់ពីចប់ការសំណេះសំណាល ឯកឧត្តម និងក្រុមការងារបានបន្តជួបប្រជុំជាមួយសាខាបក្ស និងគណបក្សឃុំអំពីផែនការថ្ងៃទី២៨ និង ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។