ឯកឧត្តម សុខ ពុទ្ធិវុធ បន្តចុះជួបសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំស្មោង


បន្ទាប់ពីសំណេះសំណាលជាមួយសមាជិកគណបក្សឃុំស្មោងរួច នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយគណបក្សឃុំ សាខាបក្ស ប្រធានក្រុមបក្ស ភ្នាក់ងារគណបក្ស និងណែនាំនីតិវិធីការងារនាថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ដោយមានសមាជិ សមាជិកាចូលរួមប្រមាណ ២៥១នាក់ នៅស្នាក់ការគណ:កម្មាធិការបក្សឃុំស្មោង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានជម្រាបជូនដល់សមាជិកទាំងអស់ពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សដែលជាបក្សកាន់អំណាច ក្នុងការដឹកនាំប្រទេសជាតិឱ្យមានអភិវឌ្ឍរីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស។
ឯកឧត្តមបន្តថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រាបជូនសមាជិក សមាជិការអំពីសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានប្រកាសពីវិធានការជាក់ស្តែងជាអទិភាពនានាដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យអនុវត្តនៅឆ្នាំ២០១៩ ក្រោយពេលឈ្នះឆ្នោតដែលមានដូចជា ការតម្លើងប្រាក់ឈ្នួលកម្មករ និយោជិត មន្ត្រីរាជការ ការបើកប្រាក់ឈ្នួល និងប្រាក់បៀវត្សក្នុង ០២សប្តាហ៍ម្តង ការកាត់បន្ថយថ្លៃប្រើប្រាស់អគ្គសនីទូទាំងប្រទេស ក៏ដូចជាការផ្តល់នូវសេវាគាំពារសង្គមនានា ជាដើម…។ល។

ជាចុងក្រោយឯកឧត្តមបានជម្រុញដល់សមាជិកសមាជិកាទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឱ្យត្រូវជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។