នៅព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមដល់បងប្អូនកូនក្មួយកម្មករកម្មការនីចំនួន ១៨១នាក់ មកពីរោងសិប្បកម្មចំនួន ០២ ស្ថិតនៅស្នាក់ការគណបក្សឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ឯកឧត្តម សុខ ពុទ្ធិវុធ បានជម្រាបជូនបងប្អូនកម្មករអំពីសន្តិភាពដែលជាមូលដ្ឋានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ ហើយប្រទេសកម្ពុជាគឺជាប្រទេសដែលមានល្បឿនអភិវឌ្ឍន៍លឿនជាងគេនៅក្នុងតំបន់ ដូច្នេះសូមឱ្យបងប្អូនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីពង្រឹងសន្តិភាពដែលមានស្រាប់នេះឱ្យកាន់តែរឹងម៉ាំ ដើម្បីឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍលឿនទៅមុខទៀត។
ឯកឧត្តមបន្តថា វិស័យកាត់ដេរគឺជាវិស័យមួយធំដែលអាចនាំមកនូវចំណូលមួយផ្នែកជូនជាតិ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យនេះជាពិសេសចំពោះបងប្អូនកម្មកររបស់យើង តាមរយៈការកំណត់គោលនយោបាយនានាដើម្បីជាប្រយោជន៍ដល់បងប្អូន ហើយបាននឹងកំពុងគិតថាតើធ្វើយ៉ាងណាដើម្បីឱ្យវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីបង្កើតការងារកាន់តែច្រើនជូនបងប្អូនយើង។ ដូច្នេះការចូលរួមពីបងប្អូនគឺមានសារៈសំខាន់ណាស់ ជាពិសេសចូលរួមក្នុងការការពារថែរក្សាសន្តិភាព ព្រោះសន្តិភាពបានផ្តល់ឱកាសដល់យើងទាំងអស់គ្នាហើយក្នុងការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍន៍ខ្លួនឯង ដូច្នេះយើងមិនត្រូវឱ្យឱកាសនេះបាត់បង់ទេ។ ឯកឧត្តមក៏បានស្នើសុំឱ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រើសិនបើការដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើឱ្យមានការថ្នាំងថ្នាក់ណាមួយ ប៉ុន្តែអ្នកធ្វើតែងតែមានកំហុសដោយអចេតនាពុំអាចជៀសរួចឡើយ ហើយជារួមគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបម្រើបងប្អូន។
ដោយឡែកឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានអំពាវនាវដល់បងប្អូន សូមកុំឱ្យជឿនូវពាក្យញុះញុងរបស់ក្រុមប្រឆាំងអគតិមួយចំនួនដែលបង្កើតព័ត៌មានមិនពិតក្នុងគោលរារាំងបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីមិនឱ្យទៅបោះឆ្នោត ជាពិសេសគឺបំផ្លាញការបោះឆ្នោតនាពេលខាងមុខ។ ទន្ទឹមនឹងនោះឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ជាពិសេសទៅបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕