ដើម្បីធានាឱ្យបាននូវជ័យជម្នះ យ៉ាងធំធេងជូនគណបក្សនាថ្ងៃបោះឆ្នោតខាងមុខ និងដើម្បីត្រួតពិនិត្យការអនុវត្តផែនការការងារគណបក្សដែលបានដាក់ចុះកន្លងមកឯកឧត្តមកិត្តិនីតកោសល ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបន្តត្រួតពិនិត្យ ការអនុវត្តផែនការការងារគណបក្សខេត្តតាកែវ ដែលបានដាក់ចុះកន្លងមក ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ឯកឧត្តម លោកជំទាវ សហប្រធាន ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ក្រុង ឯកឧត្តម លោកជំទាវ លោក លោកស្រី សហប្រធាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ សង្កាត់ គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណប្សខេត្ត គណៈប្រចាំការគណបក្សខេត្ត ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន ប្រធានគណៈកម្មាធិការសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ ចៅសង្កាត់ ភ្នាក់ងារគណបក្សពេញសិទ្ធទាំង១៥៤៥នាក់ និងសមាជិកសមាជិកាគណបក្សសរុបចំនួន ១៦៤០នាក់ នាព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណគណបក្សខេត្តតាកែវ។
ឯកឧត្តមប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំអនុវត្តផែនការកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានជម្រុញដល់ភ្នាក់ងារគណបក្សទាំងអស់ត្រូវត្រូវខិតខំស្គាល់ឱ្យបានច្បាស់នូវសមាជិកគណបក្សដែលបោះឆ្នោតតាមការិយាល័យរបស់ខ្លួន និងជួយជម្រុញសមាជិកទាំងអស់ឱ្យបានទៅបោះឆ្នោតគ្រប់ៗជូនគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រាបជូនពីសិទ្ធអំណាចដ៏មានសារៈសំខាន់របស់ភ្នាក់ងារគណបក្សនៅតាមការិយាល័យបោះឆ្នោត ហើយខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនដើម្បីចាប់យកជ័យជម្នះជូនគណបក្សនាពេលបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានោះដែរឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់គណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ អនុវត្តឱ្យមានប្រសិទ្ធិភាពនូវសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។