រដ្ឋមន្រ្តីការងារប្រាប់កម្មករ «កុំជឿការញុះញង់អ្នកនយោបាយ ដែលយករឿងប្រាក់ឈ្នួលធ្វើអាជីវកម្ម»


(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋ កម្មករ និយោជិត មិនត្រូវជឿការញុះញុង របស់អ្នកនយោបាយណា ដែលយកបញ្ហាប្រាក់ឈ្នួល មកបម្រើអាជីវកម្មនយោបាយរបស់ខ្លួន ហើយថែមទាំងបានបង្ហើបថា នៅឆ្នាំ២០១៧ ប្រាក់ឈ្នួលកម្មករ នឹងមានភាពប្រសើរជាងឆ្នាំ២០១៦នេះ។
ការលើកឡើងយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា នាទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តី អ៊ិត សំហេង បានឱ្យដឹងថា លទ្ធផលអំពីប្រាក់ឈ្នួលយ៉ាងណា ភាគីទាំងអស់កំពុងជជែក ពិភាក្សាគ្នាលក្ខណៈផ្ទៃក្នុង ហើយមិនបង្ហាញទិន្នន័យអ្វីទេ រហូតដល់មានកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគីបន្តទៀត ក្នុងពេលខាងមុខ ដើម្បីធ្វើការអនុម័ត ទៅតាមនីតិវិធីដែលបានកំណត់។
លោករដ្ឋមន្រ្តីថា «ខ្ញុំមិននិយាយតួលេខណាមួយទេ ព្រោះលេខទាំងនេះ មិនត្រូវផ្សព្វផ្សាយឡើយ តែកន្លងមក ករណីនេះត្រូវបានបែកធ្លាយ ហើយមានអ្នកនយោបាយ យកទៅធ្វើអាជីវកម្ម, រឿងនេះមិនអាចទទួលបាននោះទេ»
លោករដ្ឋមន្រ្តីបានបន្តថា ជាធម្មតាអ្នកចង់បាន (សហជីព) តែងតែទាមទារយកច្រើន តែអ្នកផ្ដល់ឱ្យ (និយោជក) តែងតែឱ្យពីតិចទៅច្រើន។
លោកបញ្ជាក់ «តួលេខនេះ ខ្ញុំសូមជម្រាបប្រាប់មហាជន និងបងប្អូនកម្មករយើង ឱ្យបានជ្រាបដែរថា លេខទាំងអស់នេះមិនទាន់ផ្លូវការទេ ហើយកុំឱ្យជឿការញុះញុងរបស់អ្នកនយោបាយណាម្នាក់ ទាក់ទងនឹងរឿងនេះ»
អ្នកនយោបាយដែលលោករដ្ឋមន្ត្រី បានលើកឡើងត្រូវបានគេដឹងថា ចង់សំដៅលើ លោក សម រង្ស៉ី ប្រធានបក្សប្រឆាំង ដែលកំពុងស្នាក់នៅប្រទេសបារាំង ដែលបានលើកឡើង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈ Facebook របស់លោកដោយបានបំផុសឱ្យសហជីព កម្មករ និយោជិត ទាមទារប្រាក់ឈ្នួល១៨០ដុល្លារ នៅក្នុងឆ្នាំ២០១៧។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋកម្មករនិយោជិតទាំងអស់ ត្រូវរង់ចាំលទ្ធផលនៃការប្រជុំត្រីភាគីបន្តទៀត ព្រោះគ្មានភាគីណាមួយ មានសិទ្ធិសម្រេចប្រាក់ឈ្នួលនេះ ដោយខ្លួនឯងបានទេ ព្រោះបញ្ហានេះមានយន្តការត្រីភាគី ដែលមានសមាជិក ៤៨រូប (១៦រូប មកពីភាគីក្រសួងការងារ, ១៦រូប មកពីភាគីនិយោជក, និង ១៦រូបទៀត មកពីភាគីសហជីព)។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី អ៊ិត សំហេង បានបង្ហើបថា នៅឆ្នាំ២០១៧ ប្រាក់ឈ្នួលរបស់កម្មករ និយោជិតនឹងមានលក្ខណៈប្រសើរជាងឆ្នាំ២០១៦នេះ៕
Ith-Samheng-14-09-16-2