ឯកឧត្តមទេសរដ្ឋមន្ត្រី ច័ន្ទ សារុន៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានយើងកាន់តែរីកចម្រើន


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះតេជគុណ សំ ភុន ព្រះចៅអធិការវត្តព្រៃក្តួច ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្តព្រៃក្តួច សរុបប្រមាណ ១០០០នាក់ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីប្រទេសជាតិរបស់យើង មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍កាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត។
 
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានរំលឹកភូមិសាស្ត្រឃុំត្រពាំងក្រញូង គឺជាទីតាំងរបស់ពួកខ្មែរក្រហម ដែលស្ថិតនៅតាមជួរភ្នំដងរែក តំបន់នេះគ្មានសន្តិសុខដូចសព្វថ្ងៃនេះទេ ហើយក៏គ្មានផ្លូវថ្នលើដែរ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់នេះក្លាយជាតំបន់មានសន្តិសុខ មានផ្លូវកៅស៊ូ ហើយបាននឹងកំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
 
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ ខិតខំផ្តល់នូវសេវាសាធារណៈឱ្យបានល្អបំផុតជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរស្រុក ឃុំ ត្រូវចុះផ្តល់ការប្រឹក្សាណែនាំ ដល់ប្រជាពលរដ្ឋពីការបង្ករបង្កើនផល ការប្រើប្រាស់ជី និងប្រើប្រាស់ពូជស្រូវឱ្យបានសុទ្ធល្អ ដើម្បីបង្កើនគុណភាពស្រូវអង្កររបស់យើង។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពីបញ្ហាឧតុនិយម ការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ នាំឱ្យប៉ះពាល់ដល់ការបង្ករបង្កើនផល ជីវភាពរស់នៅ ក៏ដូចជាអាយុជីវិតរបស់បងប្អូន។