នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ លោក ភួន ឈីម អភិបាលស្រុកបាទី សហការណ៍ជាមួយ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ លោក សោ រដ្ឋា មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានដឹកនាំកម្លាំងចម្រុះដើម្បីចុះធ្វើការបិទទាំងស្រុងនូវទីតាំងផលិតស្ករ ត្នោតក្លែងក្លាយនៅឃុំត្រពាំងសាប ឃុំកុមាររាជា និងឃុំលំពង់ ក្នុងស្រុកបាទី ចំនួន ៤៣ទីតាំង។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងដែរថា ការផលិតស្ករត្នោតក្លែងក្លាយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទីនេះ វាជាករណីមួយដែលនឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ យ៉ាងខ្លាំង ព្រោះផលិតគ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងទៀតពួកគាត់ មិនបានយកវត្ថុ ធាតុដើមទឹកត្នោតយកមកកផលិតនោះទេ គឺគ្រាន់តែយកស្ករស ប្រេងឆា ទឹកមិនស្អាត នឹងមានម៉ូនីទ័រសម្រាប់កូរស្ករទាំងនោះ កែច្នៃចេញជាស្ករត្នោត ។ ដូច្នោះបញ្ហាទាំងអស់ ដើម្បីលុបបំបាត់កុំឲ្យកើតមានឡើង ពិសេសមិនឲ្យមានការធ្វើចរាចរណ៍ ដែលនាំឲ្យប៉ះ ពាល់សុខភាពនោះ យើងមានតែចុះបិទទីតាំង និងធ្វើការដកហូតសម្ភារៈនេះតែម្តង ។
លោក ភួន ឈីម អភិបាលស្រុកបាទី ដែលបានដឹកនាំកម្លាំងចម្រុះរបស់ស្រុក បានឱ្យដឹងបន្ថែមថាដោយទទួលបានគោលការណ៍យ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ថ្ងៃនេះអាជ្ញាធរស្រុកបាទី បានសហការគ្នាជាមួយ នឹងមន្រ្តី ជំនាញកាំកុងត្រូល និងមន្ទីរឧស្សាហកម្មខេត្ត បានចុះមកបិទទីតាំងនេះចោលតែម្តង ហើយនេះជាលើកទី៤ និងជាលើកចុងក្រោយផងដែរ ហើយនឹងមិនឲ្យកើតមាន ឡើងសារ ជាថ្មីម្តងទៀតនោះទេ ចំពោះការផលិតនូវស្ករត្នោតក្លែងក្លាយដែលកែច្នៃពីស្ករសនេះ ៕