ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨
ដើម្បីចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា នៅភូមិ ទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ មានរៀបចំពិធីសម្ពោធកាត់ខ្សែបូរ សាលាធម្មសភា កុដិ ហោត្រ័យ ក្លោងទ្វារ ចាក់សាប ជួសជុលព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តឧទុម្ពរ ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយបានចំណាយថវិកាអស់ ៣០៧,៨៥១ (សាមសិបម៉ឺនប្រាំពីរពាន់ប្រាំបីរយហាសិបមួយ) ដុល្លារសហរដ្ឋអាមេរិច។ កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយ ឯ.ឧ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួមពី ព្រះមេគណគណៈធម្មយុត្តខេត្តតាកែវ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសោម ព្រមទាំងលោក លោកស្រី ជាអភិបាល អភិបាលរង ក្រុមប្រឹក្សាស្រុក មន្រ្តីសាលាស្រុកគិរីវង់ មេឃុំ មេភូមិ យុវជន និងពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរ សរុបអ្នកចូលរួមមានចំនួនប្រមាណជាង៧០០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក អភិបាលស្រុកគិរីវង់ និងចំណាប់អារម្មណ៍របស់ ឯ.ឧ អភិបាលខេត្តរួចមក ឯកឧត្តមអ្នកតំណាងរាស្រ្ត បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រូរតនសាសនមុនី លឹម គឹមឡុង ព្រះចៅអធិការវត្តឧទុម្ពរដែលនឹងត្រូវផ្លាស់ទៅកាន់តំណែងជាព្រះមេគណខេត្តត្បូងឃ្មុំ ព្រះតេជគុណ គណៈកម្មការអាចារ្យវត្ត សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរទាំងអស់ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់បម្រើឲ្យវិស័យពុទ្ធសាសនានាថ្ងៃនេះ។
ឯកឧត្តមបានថ្លែងថា ឈរលើមូលដ្ឋានសុខសន្តិភាពពេញលេញក្នុងផ្ទៃអាណាចក្រ កម្ពុជាមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង ការបើកចំហសិទ្ធសេរីភាពខាងជំនឿសាសនា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ បានធ្វើឲ្យវិស័យសាសនានៅកម្ពុជាមានការរីកចំរើនសម្បូរបែបគួរឲ្យកត់សម្គាល់ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈនិយាយជារួម និងនិយាយដោយឡែក ពុទ្ធសាសនាមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលចំនួនវត្តអារាមមានការកើនឡើងជាលំដាប់រហូតដល់ជាង៤០០០វត្តនៅទូទាំងប្រទេស ដែលផ្ទុយស្រឡះពីការដឹកនាំក្នុងរបបវាលពិឃាត ប៉ុល ពត ដែលវិស័យសាសនាបានធ្លាក់ចុះដល់ចំនុចសូន្យ ហើយវត្តអារាម ព្រះវិហារត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។
ក្នុងមតិសំណេះសំណាល ឯកឧត្តមបានរំលឹកពីអនុស្សាវរីយ៍ និងដឹងគុណយ៉ាងខ្លាំងចំពោះពុទ្ធសាសនាដែលបានអប់រំ និងផ្តល់ចំណេះដឹងជាច្រើនដល់រូបលោកផ្ទាល់ក៏ដូចជាឳពុករបស់លោក សម្តេចវិបុលបញ្ញា សុខ អាន ដែល ធ្លាប់បានបួសរៀននិងស្នាក់អាស្រ័យមួយរយៈនៅទីវត្តអារាមក្នុងស្រុកគិរីវង់កន្លងមក។ បច្ចុប្បន្ន ស្រុកគិរីវង់មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំនិងការចង្អុលបង្ហាញរបស់ សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ដែលជាស្រុកកំណើតរបស់សម្តេច ទទួលបានសមិទ្ធផលធំៗជាច្រើន ដែលបានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដូចជា តាមរយៈមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ សហគមន៍កសិកម្ម និងសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត រួមមាន វត្តអារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។
ដោយមើលឃើញពីសារសំខាន់នៃទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ឯ.ឧ សង្ឃឹមយ៉ាងមុតមាំថា ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រដែលមានក្រុមការងារឃុំសោម អាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ និងពុទ្ធបរិស័ទទាំងអស់ នឹងបន្តរួមសហការគាំទ្រគ្នាទៅវិញទៅមក ដើម្បីថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះអាណាចក្រក៏ទទួលបានផលប្រយោជន៍ផងដែរ នៅពេលពុទ្ធចក្រមានការរីកចំរើន តួយ៉ាង វត្តអារាមដែលជាអត្តសញ្ញាណជាតិខ្មែរ គឺជាទីកន្លែងសក្ការៈសម្រាប់ លោកតា លោកយាយ សុំសីល និងជាមជ្ឈមណ្ឌលសហគមន៍ ដែលផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀមទំលាប់ ប្រពៃណី និងអប់រំមនុស្សឲ្យធ្វើអំពើល្អប្រកបដោយសីលធម៌និងសុជីវធម៌ ជាដើម។
ឯ.ឧ បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃអស់រយៈពេលជាង៣ទស្សវត្សរ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាមានភាពម្ចាស់ការពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួនដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាជនខ្មែរគ្រប់រូបពោលគឺ កម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។
ឯកឧត្តមអ្នកតំណាងរាស្រ្តបានសំណូមពរដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចំរើនដែលកំពុងកើតមានសព្វថ្ងៃទាំងក្នុងផែ្នកពុទ្ធចក្រនិងអាណាចក្រ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា។
ក្នុងឱកាសពិធីសម្ពោធកាត់ខ្សែបូសមិទ្ធផលវត្តនាថ្ងៃនេះ ឯ.ឧ ក៏បានបំពាក់មេដាយកិត្តិយសជូនដល់ព្រះគ្រូចៅអធិការ និងសប្បុសរជនមួយចំនួនផងដែរ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណឲ្យសមនឹងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងការចំណាយធនធានថវិកាផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធផលទាំងនេះ និងបាននាំមកនូវថវិកាឧបត្ថម្ភមួយចំនួនរួមមាន៖
– ឯ.ឧ ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទីស្តីការគណៈរដ្ឋមន្រ្តី ប្រគេនបច្ច័យដល់វត្ត ឧទុម្ពរ ចំនួន ៣លានរៀល
– ឯ.ឧ សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ប្រគេនបច្ច័យដល់វត្តឧទុម្ពរ ចំនួន ២លានរៀល
– ឯ.ឧ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រគេនបច្ច័យដល់វត្តឧទុម្ពរ ចំនួន ១លានរៀល
– ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសោមក៏បានឧបត្ថម្ភមួយថវិកាចំនួនផងដែរ