សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី បាននឹងកំពុងសហការយ៉ាងសស្រាក់សស្រាំជាមួយអាជ្ញាធរស្រុកបាទី ដើម្បីរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាព្រហ្ម ទន្លេបាទី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។
ព្រឹត្តិការណ៏សង្ក្រាន្តតាព្រហ្មទន្លេបាទី ដែលរៀបចំឡើងជាលើកទី១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅបរិវេណរមណីយដ្ឋានទន្លេងបានទី ដែលនឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើនផងដែរដូចជា បោះឈូង ទាញព្រាត់ បោះអង្គុយ វាយក្អម និងការរាំចង្វាក់ រាំវង់ សារ៉ាវ៉ាន់ កន្ទ្រឹម ផងដែរ។
ការបង្កើតព្រឹត្តិការណ៍ សង្ក្រាន្តតាព្រហ្មទន្លេបាទី នេះគឺដើម្បីបង្កើនភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅរមណីយដ្ឋានទន្លេបាទី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិខ្មែរយើង ជាពិសេសដើម្បីចូលរួមចំណែកថែរក្សា និងលើកតម្កើងល្បែងប្រជាប្រិយខ្មែរយើង និងដើម្បីឱ្យយុវជន យុវនារី ជំនាន់ក្រោយមានការយល់ដឹងពីល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែបដែលបានបន្សល់ទុកដោយដូនតារបស់ខ្មែរយើង។