ក្រោមស្មារតីស្រលាញ់រាប់អានគ្នា យោគយល់គ្នា ក្នុងមហាគ្រួសារខ្មែរ និងឈរលើគោលការណ៍ឈ្នះៗ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការសម្របសម្រួល ដោះស្រាយទំនាស់រវាងបងប្អូនអាជីវករជុំវិញផ្សារ និងអ្នកវិនិយោគផ្សារព្រៃសណ្តែក ស្ថិតនៅទីប្រជុំជនព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១។
ក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមអភិបាលខេត្ត ភាគីទាំងពីរបានព្រមព្រៀងគ្នាឱ្យចាក់ដីធ្វើផ្សារថ្មីកម្ពស់ត្រឹមឃឿនចាស់ ហើយអនុញ្ញាតិឱ្យបងប្អូនជុំវិញផ្សារលើកតូបផ្ទាល់ខ្លួនឱ្យស្មើនឹងផ្សារ ព្រមទាំងអនុញ្ញាតឱ្យតសំយ៉ាបដើម្បីការពារទឹកភ្លៀងតាមស្តង់ដារតែមួយដើម្បីបង្កើនសោភ័ណភាពផ្សារ តែពុំអនុញ្ញាតិឱ្យតាំងលក់នៅក្រោមសំយ៉ាបដែលជាផ្លូវសារធារណៈនោះឡើយ។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អ្នកវិនិយោគ និងអាជ្ញាធរស្រុកត្រូវសហការរៀបចំប្រព័ន្ធលូ និងផ្លូវឱ្យបានល្អជៀសវាងមានការលិចលង់ពេលភ្លៀងធ្លាក់ ក៏ដូចជាងាយស្រួលក្នុងការជួយសង្គ្រោះនៅពេលមានបញ្ហានានាដែលកើតឡើងជាយថាហេតុ។
ជាចុងក្រោយបងប្អូនអាជីវករ ក៏ដូចជាអ្នកវិនិយោគផ្សារ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានធ្វើការសម្របសម្រួលយ៉ាងសមស្របជូនភាគីទាំងសងខាង។