បន្ទាប់ពីសំណេះសំណាលជាមួយអ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជនរួចមក នាពេលរសៀលថ្ងៃអាទិត្យ ០៩កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបន្តចុះជួបជាមួយ អ៊ុំ ពូ មីង បងប្អូនថ្នាក់ដឹកនាំគណបក្សភូមិ គណបក្សឃុំ ក្នុងឃុំត្រពាំងធំខាងត្បូង និងត្រពាំងធំខាងជើង ស្រុកត្រាំកក់ នៅតាមស្នាក់ការគណបក្សឃុំនីមួយៗ ។
ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ជម្រាបជូន អ៊ុំ ពូ មីង បងប្អូនទាំងអស់ថា ការចុះជួបសំណេះសំណាលនេះគឺដើម្បីសួរសុខទុក្ខ និងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំគណបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ព្រមទាំងជម្រុញការអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ បន្តទៀត។
ឯកឧត្តមបន្តថាក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា យើងត្រូវតែធ្វើជាគំរូក្នុងការបង្រួបបង្រួមជាតិ ឯកភាពជាតិ ដូច្នេះបងប្អូនត្រូវខិតខំធ្វើការបង្រួបបង្រួមបងប្អូន ដែលជ្រុលចាញ់កលនូវគោលនយោបាយប្រជាភិថុតរបស់អតីតបក្សប្រឆាំងឱ្យត្រឡប់មករួមរស់ជាមួយគ្នាវិញ ហើយរួមគ្នាការពារសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជាយើងរកបានដោយលំបាករកបានដោយលំបាកជូនប្រជាពលរដ្ឋ។
បន្ថែមពីនោះឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានជម្រុញដល់ថ្នាក់ដឹកនាំគណបក្សភូមិ ឃុំទាំងអស់ ត្រូវបង្កើនការចុះជួបជាមួយប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីបានដឹងពីបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយអាចជួយដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។