ពូជសត្វអណ្តើកហ្លួងដែលជិតផុតពូជចំនួន ២០៦ក្បាល ត្រូវបានគេនាំយកទៅថែរក្សានៅមណ្ឌលអភិរក្សមួយ ក្នុងខេត្តកោះកុង


ពូជសត្វអណ្តើកហ្លួងដែលជិតផុតពូជចំនួន ២០៦ក្បាល ត្រូវបានគេនាំយកទៅថែរក្សានៅមណ្ឌលអភិរក្សមួយ ក្នុងខេត្តកោះកុង ។ ពូជសត្វអណ្តើកដ៏កំរនេះ ត្រូវអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនឹងរដ្ឋបាលជលផល បានយកទៅថែរក្សាក្នុង «មជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង» នៅថ្ងៃទី១៣ កញ្ញានេះ។
មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង គឺជាកន្លែងអភិរក្សថ្មីមួយ ដែលស្ថិតនៅក្នុងស្រុក មណ្ឌលសីមា ខេត្តកោះកុង។ អណ្តើកហ្លួង គឺជាអណ្តើកមួយប្រភេទ ដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតមួយ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ International Union for Conservation of Nature ហៅកាត់ថា IUCN ។
ក្នុងអនុក្រិត្យលេខ១២៣ របស់កម្ពុជា ចុះខែសីហា ឆ្នាំ២០១៤ សត្វអណ្តើកប្រភេទនេះ ត្រូវបានចាត់ទុកជាប្រភេទសត្វជិតផុតពូជទៅហើយ។ អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ ប៉ុន្តែនៅរហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ ទើបបានរកឃើញចំនួនសេសសល់តិចតួចរបស់វា ដែលរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល។ ចាប់តាំងពីពេលនោះមក រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល។
ក្រុមអ្នកជំនាញកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធព្រែកស្រែអំបិលខេត្តកោះកុង គឺជាទីជម្រកតែមួយគត់របស់អណ្តើកហ្លួងនៅក្នុងប្រទេសកម្ពុជា… ប៉ុន្តែការយាយីជីវិតរបស់សត្វនេះ ពីសំណាក់មនុស្សមួយចំនួនកំពុងធ្វើឲ្យប្រភេទសត្វនេះ ស្ថិតនៅក្នុងហានិភ័យខ្ពស់ អាចឈានដល់ការផុតពូជ។
នាយកអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំនៅកម្ពុជា បណ្ឌិត Ross Sinclair បានចាត់ទុកថា “មជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង គឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងរដ្ឋបាលជលផល និងអង្គការ WCS ដើម្បីសង្គ្រោះសត្វអណ្តើកហ្លួងនៅកម្ពុជា។ លោកសង្ឃឹមថានឹងមានប្រភេទសត្វផ្សេងៗទៀត ដូចជាក្រពើត្រីជាដើម រស់នៅក្នុងមជ្ឈមណ្ឌលនេះផងដែរនាពេលខាងមុខ ហើយលោករំពឹងថា គេនឹងមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលនេះនាអនាគត ដើម្បីទៅជាកន្លែងទេសចរណ៍មួយ ដើម្បីអាចរកចំណូលសម្រាប់អភិរក្សសត្វអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបាន។
Turtle-14-09-16-2-copy Turtle-14-09-16-3-copy Turtle-14-09-16-4-copy