យុវជនស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមស្រុកបាទី ខេត្តតាកែវ១៦៥នាក់ ត្រូវបានប្រកាសបញ្ជូល និងបំពាក់ន្សែងជាផ្លូវការ នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រោមឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី។
ក្រោយពីបានស្តាប់នូវរបាយការណ៍សកម្មភាពរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាទីរួចមក ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៍ពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តតាកែវទាំងអស់ពីសំណាក់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណដល់យុវជនស្ម័គ្រចិត្តទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គមក៏ដូចជាការងារមនុស្សធម៌ និងបានចាត់ទុកប្អូនៗគឺជាកម្លាំងស្នូលដ៏សំខាន់ និងសកម្មបំផុត ក្នុងការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយសារគ្រោះថ្នាក់ផ្សេងៗ។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្អូនៗយុវជនស្ម័គ្រ ក្រៅពីចូលរួមក្នុងការងារមនុស្សធម៌ ប្អូនៗត្រូវខិតខំរៀនសូត្រ បន្ថែមផងដែរ ព្រោះថានៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ប្អូនៗ មានឱកាសគ្រប់បែបយ៉ាងដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីស្វែងរកអនាគតមួយដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។