ថ្ងៃអង្គារ៌៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំទីស្នាក់គណបក្សស្រុកទ្រាំង ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភាក្នុងតំណែង និងជាបេក្ខជនសមាជិកព្រឹទ្ធសភាមណ្ទលភូមិភាគទី៥ខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម ស្រី បេន ឯកឧត្តម គិន ណែត បេក្ខជនពេញសិទ្ធសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ភូមិភាគទី៥ខេត្តតាកែវ ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្រុកទ្រាំង និងស្រុកបូរីជលសារចំនួន១១៩រូប។
ក្នុងឱកាសនោះ ឯកឧត្តម ខៀវ មុត បានជម្រាបជូនដល់ក្រុមប្រឹក្សាឃុំទាំង ១១៩រូបដែលជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ និងការខិតខំលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជម្រាបជូនពីតួនាទីរបស់សមាជិកព្រឹទ្ធសភាដែលជាអ្នកចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ដែលត្រូវពិនិត្យអនុម័តក្រោយពីឆ្លងកាត់រដ្ឋសភារួច។ បន្ថែមពីនោះឯកឧត្តមក៏បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងក្រុមប្រឹក្សាឃុំ និងសមាជិកព្រឹទ្ធសភាផងដែរ ពីព្រោះក្រុមប្រឹក្សាឃុំជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឱ្យធ្វើជាតំណាងរបស់ខ្លួននៅក្នុងស្ថាប័នព្រឹទ្ធសភា។
បន្ថែមពីនោះឯកឧត្តម សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងក៏បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់សូមកុំលាបពណ៌គ្នា ដូចបក្សដទៃ ដែលជាមនោគមន៍របស់បរទេស។ ឯកឧត្តមក៏បានជម្រាបជូនបន្ថែមពីការខិតខំរបស់គណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចកក្នុងការទប់ស្កាត់បដិវត្តពណ៌បានជោគជ័យនៅកម្ពុជា ដែលនេះគឺជាភ័ពសំណាងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រោះយើងយកជ័យជំនះដោយដោះស្រាយដោយផ្លូវច្បាប់ជាមួយនឹងការពង្រឹងនូវនីតិរដ្ឋ។ជាមួយគ្នានោះឯកឧត្តម សុខ ផេង ក៏បានណែនាំឱ្យប្រុងប្រយ័ត្នចំពោះព្រលឹងចលនាសង្គ្រោះជាតិដែលកំពុងពុះកញ្ជ្រោលនៅបរទេស ហើយអាចចូលមកក្នុងប្រទេស ដោយត្រូវចាត់វិធានការភ្លាមៗចំពោះចលនាឧទ្ទាមខុសច្បាប់មួយនេះ ដើម្បីធានា និងរក្សាបានសន្តិភាព ដែលជាគ្រឹះការអភិវឌ្ឍកាន់តែរីកចម្រើនទៅអនាគត។
ដោយឡែកឯកឧត្តម ស្រី បេន បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចេះស្រលាញ់គ្នាសាមគ្គីគ្នាយកអាសារគ្នាទៅវិញទៅមក ហើយទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។