សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ប៊ិន ឈិន អញ្ជើញបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតាកែវ


សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ រយៈពេលពីរថ្ងៃនៅសាលមហោស្រពខេត្តត្រូវបានប្រារព្ធពិធីបិទ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីប្រតិភូអមដំណើរ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវសរុប ៣៩៦នាក់។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលសន្និបាត ដែលរាយការណ៍ដោយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវស្តីពីការអនុវត្តការងារប្រចាំឆ្នាំរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្តែងនូវការកោតសរសើរ និង ធ្វើ ការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេសស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តគឺជា ជីវភាពនយោបាយនៅក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីត្រួតពិនិត្យការអនុវត្តការងារកន្លងទៅ រកឃើញនូវចំនុចខ្លាំងចំនុចខ្សោយ ដាក់ចេញនូវទិសដៅអនុវត្តបន្ត ដើម្បីលើកកម្ពស់សមិទ្ធផលការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងលទ្ធផលការងារដ៏គួរឱ្យកោតសរសើរកន្លងមកសម្តេចក្រឡាហោមក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ត្រូវខិតខំបន្តពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈស្មោះត្រង់ជាមួយក្រមសីលធម៌វិជ្ជាជីវៈការងារ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ ខិតខំអនុវត្តទៅតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានស្រាប់ ជម្រុញកំណែទម្រង់ដែលនៅសេសសល់តាមគោលការណ៍ ឬកម្មវិធីនានា ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ខិតខំប្រមូលចំណូលតាមផែនការរបស់រាជរដ្ឋាភិបាលជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨ ដើម្បីរកថវិការជូនជាតិ និងចុងក្រោយពង្រឹងរបៀបរបបធ្វើការងារ ប្រសិទ្ធភាពការងារ ឯកភាពសាមគ្គីការងារ ខិតខំរក្សាឱ្យខ្ជាប់ខ្ជួននូវរបបប្រជុំ ធ្វើការប្រកបដោយកិច្ចសហការ និងកុំរំលោភអំណាច។
ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃប្រចាំឆ្នាំ២០១៧ ចំនួន២០រូប ទៅតាមលំដាប់ថ្នាក់ជាបន្តបន្ទាប់ផងដែរ ៕
IMG_4294
IMG_4317
IMG_4338
IMG_4339
IMG_4363
IMG_4376
IMG_4384
IMG_4406
IMG_4417
IMG_4435
IMG_4445
IMG_4447