ព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ស្រុកអង្គរបូរី បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤០០នាក់ ដែលជាអតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត។
ក្រោយពីប្រគល់សេចក្តីសម្រេច បណ្ណសមាជិកគណបក្ស និងស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមកឯកឧត្តម ឡាយ វណ្ណៈ បានមានមតិថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនដែលបានភ្ញាក់រលឹកត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្រោយពេលដែលបងប្អូនបានចាញ់បោកគោលនយោបាយបោកប្រាស់របស់អ្នកនយោបាយអគតិ ដែលតែងតែដើរបំភ្លើស បំភ្លៃការពិត និងញុះញង់ឱ្យខ្មែរបែកបាក់គ្នា។
ឯកឧត្តមប្រធានគណបក្សខេត្តបានចាត់ទុកការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្រួបបង្រួមជាតិ ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលជាអ្នកសង្គ្រោះ ការពារ បម្រើ កសាង អភិវឌ្ឍន៍ និងលើកស្ទួយជីវភាពរបស់ប្អូន ជាពិសេសគឺការពារនូវសុខសន្តិភាព និងស្ថេរភាពក្នុងសង្គមរបស់យើង។