ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ឯកឧត្តម សុខ ពុទ្ធិវុធ និងមូលនិធិ TEOH & GOH Foundation នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១០១៥គ្រួសារ មកពី១២ឃុំ ក្នុងស្រុកទ្រាំង ខេត្តតាកែវ


ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង នៅថ្ងៃពុធ ១៥កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បាននាំយកអំណោយដែលបានមកពី ការកៀគរពីសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី គឺមូលនិធិ TEOH & GOH Foundation ចែកជូនប្រជាពលរដ្ឋចំនួន១០១៥គ្រួសារ មកពី ១២ឃុំ ក្នុងស្រុកទ្រាំង។
ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង១០១៥គ្រួសារថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូន ហើយតែងតែនៅក្បែបងប្អូនជានិច្ច។ ជាក់ស្តែង អំណោយដែលចែកជូនបងប្អូនថ្ងៃនេះ គឺបានមកពីការគិតគូរទាំងនេះ ហើយទើបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង បានខិតខំកៀរគរពីសប្បុរសជននានា ដើម្បីសម្រាលដល់ការលំបាករបស់បងប្អូន។
ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់នោះ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យសុខភាពខ្លួនឯង ជៀសវាងកុំឲ្យកើតជំងឺឈឺថ្កាត់នានា ដែលនាំឲ្យខាតទាំងពេលវេលា និងថវិកា។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ ដែលនេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលោកឡើងពីពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យរបស់ពុទ្ធសាសនិកដ៏ធំមួយ និងបានជម្រុញដល់បងប្អូនត្រូវបញ្ចូនកូនៗ របស់ខ្លួនឲ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីក្លាយជាធនធានក្នុងការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ហើយលោកនឹងបន្តគៀគរសប្បុរសជន មកជួយដល់បងប្អូនបន្តទៀត។
អំណោយដែលចែកជូនទាំងអស់រួមមាន អង្ករ ៥០៧៥០ គីឡូក្រាម, ប្រេងឆា១០១៥ដប , ត្រីខ ១០១៥ឡូ, អំបិល១០១៥គីឡូក្រាម, ទឹកត្រី២០៣០ដប ,មី១០១៥កេស និងសាប៊ូលុច១០១៥ដុំ ដែលសរុបជាថវិកាអស់ប្រមាណជិត ៤ម៉ឺនដុល្លារ។
ជាចុងក្រោយកម្មវិធី ឯ.ឧ វេជ្ជបណ្ឌិត សុខ ផេង និងឯ.ឧ សុខ ពុទ្ធិវុធ បានរៀបចំនំបញ្ចុកសាមគ្គីជាមហាគ្រួសារខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។
បន្ទាប់ពីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរួចមក ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ឯកឧត្តម សុខ ពុទ្ធិវុធ និងតំណាងមូលនិធិក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងឃុំអង្គខ្នុរផងដែរ។
photo_2018-01-31_09-36-10
photo_2018-01-31_09-36-25
photo_2018-01-31_09-36-34
photo_2018-01-31_09-37-10
photo_2018-01-31_12-05-48
photo_2018-01-31_12-05-49
photo_2018-01-31_12-05-55
photo_2018-01-31_12-05-56
photo_2018-01-31_12-06-03
photo_2018-01-31_12-06-12