(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានគាំទ្រផ្នែកបច្ចេកទេសដល់វិស័យធំៗ ចំនួន៤ ដើម្បីបំពេញបន្ថែមលើផែការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។
វិស័យទាំង៤នោះ រួមមាន ១, កិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ២, បញ្ហាសុខភាព និងទារក ៣, បរិស្ថានប្រកបដោយសុខភាព និងជំងឺមិនឆ្លង ៤, ជំងឺឆ្លង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ លោក ជុំ សន្ទរី បន្តថា លោក ប្រាក់ សុខុន បានលើកឡើងបែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយ លោក Liu Yunguo តំណាងថ្មី របស់អង្គការ WHO នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្ថែមថា ក្រៅពីការលើកឡើងខាងលើនេះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ WHO ដែលបានចូលរួមសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាលកម្ពុជា។ លោកថា នេះ គឺសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ WHO ដែលមានមកលើកម្ពុជា ។
ជាការឆ្លើយតប លោក Liu Yunguo តំណាងថ្មី របស់អង្គការ WHO បានបញ្ជាក់នៅក្នុងជំនួបនោះថា លោកមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ លើវិស័យសុខាភិបាលនៅកម្ពុជា។ លោក Liu Yunguo បានឲ្យដឹងថា WHO នឹងខិតខំប្រឹងប្រែងក្នុងការសហការជាមួយ ក្រសួងសុខាភិបាល។ តំណាងថ្មីរបស់អង្គការ WHO បានប្តេជ្ញាថា ចំពោះផែនការសហប្រតិបត្តិការ ជាប្រវត្តិសាស្រ្តឆ្នាំ២០១៦-២០២០ ដែលអនុម័តដោយ WHO ខាងអង្គការនឹងខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីលទ្ធភាព។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) គឺជាស្ថាប័នឯកទេសរបស់អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធរសហប្រតិបត្តិការអន្តរជាតិ ផ្នែកសុខភាពសាធារណៈ។ អង្គការនេះត្រូវបានបង្កើតឡើង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៨ និងមានទីស្នាក់ការ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕