ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង និងឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចុះជួយចង្កោម៨ឃុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសភាពការណ៍ថ្មីនៅកម្ពុជា នៅសាលប្រជុំគណបក្សស្រុកទ្រាំង ដោយមានការចូលរួមពីសមាជិកគណបក្សប្រមាណ៦០០នាក់។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង បានផ្សព្វផ្សាយពីសភាពការណ៍ថ្មីនៅកម្ពុជា ជូនដល់សមាជិកអង្គប្រជុំ ដោយសង្កត់ធ្ងន់ទៅការអនុវត្តច្បាប់ទៅលើបុគ្គល និងគណបក្សក្បត់ជាតិ គឺដើម្បីបន្តរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក។ ឯកឧត្តមបានបន្តថាប្រសិនបើយើងទប់ស្កាត់មិនបានទាន់ពេលវេលា ចំពោះនយោបាយទុច្ចរិតរបស់គណបក្សសង្រ្គោះជាតិ ដែលបានឃុបឃិតជាមួយបរទេស និងមានការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីអនុវត្តបដិវត្តន៍ព័ណ៌នៅប្រទេសយើងបានទាន់ពេលវេលានោះទេ ប្រទេសកម្ពុជានឹងធ្លាក់ចូលទៅនឹងភ្នក់ភ្លើងសង្រ្គាម ដូចអតីតកាល និងបណ្តាប្រទេសមួយចំនួនៅមជ្ឈឹមបូព៌ា ដូច្នេះយើងទាំងអស់គ្នាជាកូនខ្មែរមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាពដែលរកបានដោយលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។