ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរងស្រុកព្រៃកប្បាស ដោយលោក ញ៉ែម ស្រស់ ពីអភិបាលស្រុកសំរោង មកជាអភិបាលស្រុកព្រៃកប្បាសជំនួសលោក អ៊ិត សារ ដែលត្រូវទៅមប្រើការងារនៅសាលាខេត្តតាកែវ លោក ទន់ រិន អភិបាលរងស្រុកអង្គរបូរី និងលោក អ៊ុំ សារឿន អភិបាលរងស្រុកសំរោង មកជាអភិបាលរងស្រុកព្រៃកប្បាស ដោយឡែកលោកស្រី បាន ឌី ត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃកប្បាសជំនួសលោកស្រី ឡុង សុជា ដែលត្រូវផ្ទេរទៅមប្រើការងារជាអភិបាលរងស្រុកអង្គរបូរីវិញ។
ក្រោយពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកព្រៃកប្បាសថ្មីរួចមក ឯកឧត្តមអភិបាលខេត្តបានអបអរសាទចំពោះលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មីដែលទើបតែត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋរបស់លោក អ៊ិត សារ អតីតអភិបាលស្រុកព្រៃកប្បាសតាំងពីចូលកាន់មុខតំណែងរហូតមកដល់ពេលនេះ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មី ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយប្រកាន់យកនូវគោលការណ៍៣គឺ ធ្វើឱ្យល្អ ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព។
ឯកឧត្តមបន្តថា ក្នុងនាមជាមន្ត្រីរាជការដាច់ខាតត្រូវតាំងខ្លួនជាអ្នកមប្រើដ៏ស្មោះត្រង់របស់ប្រជារាស្ត្រ មិនត្រូវតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រឡើយ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់បាននូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពួកគាត់ងាយស្រួលក្នុងការចាត់វិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ បន្ថែមពីនោះត្រូវខិតខំរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពីព្រោះកត្តាទាំងនេះគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍ។