រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនលោកពូ កង សំអឿន អតីតអភិបាលរងខេត្តដែលបានចូលនិវត្តន៍ហើយកំពុង មានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ក្នុងឱកាសនោះឯកឧត្តមបានលើកកោតសរសើរពីស្នាដៃរបស់លោកពូដែលបានបូជាគ្រប់បែបយ៉ាងក្នុងការចូលរួមការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិតាំងពីលោកពូបម្រើការងារជានាយទាហាន ហើយត្រូវ បានផ្លាស់ប្តូរមកជាអភិបាលរងខេត្តរហូតដល់ចូលនិវត្តន៍ផ្តាំ។
ឯកឧត្តមអភិបាលខេត្តក៏បានផ្ញើរដល់លោកពូត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ហើយហាត់ប្រាណឱ្យបានច្រើនដើម្បីឱ្យអារម្មណ៍បាន ធូរស្រាល ហើយមានសុខភាពរឹងមាំ ជាពិសេសត្រូវពិសារថ្នាំឱ្យបាន ទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមជូនពរលោកពូឆាប់ជា សះស្បើយពីជំងឺដើម្បីស្ថិតនៅជាម្លប់សម្រាប់កូនចៅបន្តទៅមុខទៀត។
ឯកឧត្តមបន្តថានេះជាវប្បធម៌នៃការយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកនៅក្នុងជួរមន្ត្រីរាជការទូទាំងខេត្ត ហើយថ្នាក់ដឹកនាំខេត្តតែងតែចាត់ទុកមន្ត្រីរាជការទាំងអស់ ដូចជាក្រុមគ្រួសាររបស់ខ្លួន តែងតែយកចិត្តទុកដាក់ចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាជូនចំពោះមន្ត្រីណាជួបបញ្ហាលំបាក ខ្វះខាតឬមានជំងឺផ្សេងៗ។