រដ្ឋបាលខេត្តតាកែវរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣


ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តតាកែវរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជកានៅក្នុងខេត្ត អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល សរុប២៨៤នាក់។
មានប្រសាសន៍បើកអង្គសន្និបាតនាពេលនោះឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថាការធ្វើសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់នាពេលនេះគឺដើម្បីធ្វើការបូកសរុបពីវឌ្ឍនភាពនានាដែលឃុំសង្កាត់សម្រេចបាន ក៏ដូចជាសិក្សាពីបញ្ហាប្រឈមនានាដែលកើតឡើងក្នុងការអនុវត្តភារកិច្ចនៅតាមឃុំសង្កាត់ដែលបានកើតឡើងនៅក្នុងអាណត្តិទី ៣កន្លងមក។
ឯកឧត្តមបន្តថាឃុំ សង្កាត់ជាឆ្នឹងខ្នងរបស់រាជរដ្ឋាភិបាលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដឹកនាំកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់លោកមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវសហការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវជនអគតិមួយចំនួនដែលមានបំណងបង្កចលាចល និងអុកឡុកការិយល័យបោះឆ្នោត ហើយប្រសិនបើនៅតែរឹងទទឹងត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមធ្វើការបោះឆ្នោតបានដោយគ្មានការភិតភ័យ។

IMG_4174 IMG_4179 IMG_4180 IMG_4182