ប្រជាពលរដ្ឋក្នុងស្រុកទ្រាំង និងក្រុងដូនកែវចំនួន ៤៣២០នាក់ ដែលបានទទួលការពិគ្រោះ និងពិនិត្យព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាអនុប្រធានទីមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ដែលបានសម្របសម្រួលឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះមកផ្តល់ការពិគ្រោះ ពិនិត្យ និងព្យាបាលជម្ងឺដល់មូលរដ្ឋានរបស់គាត់។
បងប្អូនប្រជាពលរដ្ឋទាំងអស់យល់ថា ការចុះមកផ្តល់ការពិនិត្យ និងព្យាបាលជម្ងឺដល់មូលដ្ឋានរបស់ពួកគាត់គឺជាការយកចិត្តទុកដាក់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋ ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថានាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣១៩នាក់ បានចុះមកផ្តល់ការពិគ្រោះ ពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង និងក្រុងដូនកែវ ទៅលើប្រភេទជម្ងឺ៖ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ គ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម និងអេកូសាស្ត្រជាដើម ដែលមានទីតាំងស្ថិតក្នុងបរិវេណវិទ្យាល័យព្រៃទប់ ក្នុងឃុំស្រង៉ែ ស្រុកទ្រាំងខេត្តតាកែវ។