ឯកឧត្តម ឡាយ វណ្ណៈ ផ្តល់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៨គ.ម ដល់ប្រជាពលរដ្ឋឃុំត្នោត


នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង ១០០០នាក់ មកពីឃុំត្នោត និងឃុំចំបក់ ស្រុកបាទី នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានទទួលយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើកំណាត់ផ្លុវមួយខ្សែក្នុងឃុំត្នោតប្រវែង ៨គ.ម ដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូន។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាជាជំហ៊ានដំបូង យើងធ្វើជាផ្លូវក្រាលគ្រួសក្រហមសិន ហើយបន្ទាប់ពីនោះខេត្តនឹងពិនិត្យលទ្ធភាពចាក់កៅស៊ូនៅលើកំណាត់ផ្លូវនោះបន្ថែមទៀតនាឆ្នាំក្រោយដើម្បីឱ្យការធ្វើដំណើររបស់បងប្អូនកាន់តែមានភាពងាយស្រួល។
 
នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីការប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានជាពិសេសភូមិ ឃុំ ដែលជាសេនាធិការឱ្យ ស្រុក ខេត្ត និងរាជរដ្ឋាភិបាល ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ និងដឹកនាំកសាង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវខិតខំបន្ថែមទៀតសំដៅធ្វើយ៉ាងណា អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ហើយត្រូវមើលប្រជាពលរដ្ឋនឹងចិត្តកុំមើលនឹងភ្នែក។ បានន័យថានៅពេលដែលឃើញប្រជាពលរដ្ឋមានទុកលំបាកត្រូវជួយអន្តរាគមន៍ដោះស្រាយភ្លាមៗ មិនត្រូវទុកចោលដោយគ្មានដំណោះស្រាយនោះឡើយ។
១ IMG_3617 IMG_3620 IMG_3676 IMG_3686