ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ដើម្បីស្តាប់ពីកង្វល់ និងសំណូមពរចាំបាច់មួយចំនួនរបស់ប្រជាពលរដ្ឋ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរប្រជាពលរដ្ឋសូមចាត់ទុករូបឯកឧត្តម ជាបងប្អូន កូនក្មួយ ជាក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយឯកឧត្តមបាននឹងកំពុងខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលដោយមិនអើពើឡើយ។ បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើប្រជាពលរដ្ឋ ត្រូវចេះរួបរួមសាមគ្គីគ្នា នៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសក្នុងនាមអ្នកភូមិផងរបងជាមួយ ជួយគ្នាទៅវិញទៅមក ហើយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញអាជ្ញាធរស្រុក ឃុំ ភូមិត្រូវយកចិត្តទុក្ខដាក់ជូយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់តាមខ្នងផ្ទះដើម្បីក្តាប់បាននូវកង្វល់ពិតប្រាកដរបស់ពួកគាត់។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភនូវអង្ករ និងកង់ដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ព្រមទាំងជួយថវិកាសម្រាប់កសាងសាលាបុណ្យនៅក្នុងភូមិចំនួន ២លានរៀលផងដែរ។