ទារកដែលទើបនឹងកើតចំនួន ១៣នាក់ នៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានទទួលអំណោយកាកបាទក្រហមសម្រាប់ទារក(បេប៊ីឃីត) ពីឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបុរី នាថ្ងៃទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ដោយឯកឧត្តមបានចុះផ្ទាល់ទៅដល់ផ្ទះទារកទាំង ១៣ដែលស្ថិតនៅភូមិ ស្ទឹងកំបុត ០១នាក់ ភូមិសាមគ្គី ០៣នាក់ ភូមិទួលសាំងក ០៧នាក់ និងភូមិព្រៃសំបួរ ០២នាក់។
នាឱកាសនោះឯកឧត្តមបានផ្តាំផ្ញើដល់មាតាបិតាទារកទាំងអស់ត្រូវចេះយោគយល់អត់អោនឱ្យគ្នាទៅវិញទៅមក មិនត្រូវឈ្លោះប្រកែកគ្នា ចេះស្រលាញ់គ្នាដើម្បីធ្វើជាម្លប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់បុត្ររបស់យើងក៏ដូចជាខិតខំផ្តល់សុភមង្គល និងកសាងអនាគតដ៏ល្អមួយដល់គេ។ បន្ថែមពីនោះឯកឧត្តមក៏បានជូនពរដល់ទារកទាំងអស់សូមមានសុខភាពល្អ កំលាំងក្លាំងខ្លា ប្រាជ្ញាឈ្លាសវៃដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
សូមបញ្ជាក់ថាអំណោយសម្រាប់ទារកមានសម្ភារ ២៣ប្រភេទដូចជា ពូកទារក ម្សៅទឹកដោះគោ សំលៀកបំពាក់ ថ្នាំ…។ល។ ក្រៅពីនោះឯកឧត្តមអភិបាលខេត្តក៏បានចំណាយថវិកាកួចព្រលឹងដល់ទារកទាំង ១៣ ដោយម្នាក់ៗចំនួន ៥០,០០០រៀល។