ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី ជម្រាបជូនលោកគ្រូ អ្នកគ្រូ ក្នុងស្រុកអង្គរបូរីរៀបចំដំណើរមូលនិធិគ្រូបង្រៀនឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក្នុងស្រុកអង្គរបូរី


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី ជម្រាបជូនលោកគ្រូ អ្នកគ្រូ ក្នុងស្រុកអង្គរបូរីរៀបចំដំណើរមូលនិធិគ្រូបង្រៀនឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក្នុងស្រុកអង្គរបូរី និងសន្យាផ្តល់ជូនម៉ូតូ ០១គ្រឿង ដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ម៉ូតូ ០១គ្រឿងជូនដល់គ្រូប្រចាំថ្នាក់របស់សិស្សនិទ្ទេស A ម៉ូតូ ០១គ្រឿង ជូនចំពោះលោកគ្រូបង្រៀនមុខវិជ្ជាណាដែលមានសិស្ស ជាប់និទ្ទេស A ច្រើនជាងគេ និងម៉ូតូ ០១គ្រឿងទៀតជូនដល់គ្រូ ប្រចាំថ្នាក់ដែលមានភាគរយសិស្សជាប់បាក់ឌុបច្រើនជាងគេក្នុង ស្រុកអង្គរបូរី ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ជាមួយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូចូល និវត្តន៍ លោកគ្រូអ្នកគ្រូកំពុងបំពេញតួនាទី និងមន្ត្រីអប់រំកិច្ចសន្យា ចំនួន ៤០៨នាក់ ទូទាំងស្រុកអង្គរបូរី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
ក្រៅពីការសំណេះសំណាលសាកសួរសុខទុក្ខ ឯកឧត្តមអភិបាល ខេត្តបានបង្ហាញពីគោលបំណង ចំនួន ០៣ចំនុច ដែលឯកឧត្តម រៀបចំឱ្យមានពិធីជួបជុំនេះគឺ៖
១.មូលនិធិគ្រូបង្រៀនរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី៖ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួល និងទ្រទ្រង់ដល់ជីវភាពគ្រូបង្រៀន ដែលត្រូវការថវិកាចាំបាច់មួយ ចំនួនសម្រាប់ដោះស្រាយនូវបញ្ហាចាំបាច់នានា។ មូលនិធិនេះនឹងផ្តល់នូវប្រាក់កំចីដែលមានការប្រាក់ទាបបំផុត ហើយការប្រាក់ទាំងនោះនឹងមិនត្រូវទុកជាចំណូលរបស់មូលនិធិសម្រាប់ពង្រីកមូលធនហិរញ្ញវត្ថុរបស់មូលនិធិបន្ថែមទៀត។ សិទ្ធក្នុងការសម្រេចផ្តល់កំចីគឺត្រូវបានប្រគល់ជូនក្រុមប្រឹក្សាភិបាលរបស់មូលនិធិ រីឯក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរីគ្រាន់ តែជាអ្នកគៀងគរថវិកាសម្រាប់ធ្វើជាមូលធនដើម្បីចាប់ផ្តើមដំណើរការប៉ុណ្ណោះដោយមិនពាក់ព័ន្ធឡើយ ហើយថវិកាទាំងនោះនឹងក្លាយ ជាថវិការបស់មូលនិធិដោយពុំមានការដកយកវិញឡើយ។
២.ការលើកទឹកចិត្តដល់សិស្សឆ្នើម និងគ្រូឆ្នើម ៖ ដើម្បីជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ក៏ដូចជាដើម្បីថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំផ្តល់នូវចំណេះដឹងដល់សិស្សឯកឧត្តម អភិបាល ខេត្តបានណែនាំការិយាល័យអប់រំស្រុករៀបចំកម្មវិធីប្រកួតប្រជែងសិស្សឆ្នើម គ្រូឆ្នើម សម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ដោយ ឡែកថ្នាក់វិទ្យាល័យឯកឧត្តមអភិបាលខេត្តសន្យាផ្តល់ជូនម៉ូតូ ០១គ្រឿង ដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ម៉ូតូ ០១គ្រឿងជូនដល់គ្រូប្រចាំថ្នាក់របស់សិស្សនិទ្ទេស A ម៉ូតូ ០១គ្រឿង ជូនចំពោះលោកគ្រូបង្រៀនមុខវិជ្ជាណាដែលមានសិស្ស ជាប់និទ្ទេស A ច្រើនជាងគេ និងម៉ូតូ ០១គ្រឿងទៀតជូនដល់គ្រូ ប្រចាំថ្នាក់ដែលមានភាគរយសិស្សជាប់បាក់ឌុបច្រើនជាងគេ។
៣.កម្មវិធីបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ៖ ឯកឧត្តមអភិបាលខេត្តជម្រុញឱ្យមានការបើកវគ្គបង្រៀនបំប៉ននៅគ្រប់វិទ្យាល័យក្នុងស្រុកអង្គរបូរីដើម្បី បំប៉នបន្ថែមដល់សិស្សានុសិស្ស ក្រីក្រដែលត្រៀមប្រឡង ហើយឯកឧត្តមនឹងទទួលចំណាយលើ ម៉ោងបង្រៀន។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ សូមជួយសង្កេត មើលសិស្សក្រីក្រពិតប្រាកដដែលពុំមានយាន្តជំនិះសម្រាប់ជិះមករៀន សូមធ្វើសំណើជូនឯកឧត្តម ដើម្បីផ្តល់ជូនកង់សម្រាប់សិស្ស ទាំងនោះ ដែលរហូតមកដល់ពេលនេះឯកឧត្តមអភិបាលខេត្ត តាមរយៈរដ្ឋបាលស្រុកបានប្រគល់កង់ចំនួន ៣៥គ្រឿងហើយ ជូនដល់ប្រជាពលរដ្ឋ និងសិស្សក្រីក្រក្នុងស្រុកអង្គរបូរី។ បន្ថែមពីនេះ ឯកឧត្តមក៏សូមឱ្យលោកគ្រូអ្នកគ្រូមេត្តា យកចិត្តទុក ដាក់ពង្រឹងនូវការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីរួមចំណែកកសាង ធនធានមនុស្សដ៏ល្អពិតប្រាកដសម្រាប់សង្គមជាតិរបស់យើង។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូនថវិកាដល់លោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ចំនួន ៤៧នាក់ ដោយម្នាក់ៗទទួលបាន ៤០.០០០រៀល។
13524567_587899994714824_7318691060913467462_n 13532867_587899974714826_9140217892354227419_n 13537608_587899961381494_3257910226387985748_n 13592772_587899354714888_2774601095056240687_n 13599828_587899434714880_6635311361518198898_n