ព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ប្អូនៗគរុសិស្ស សិស្សានុសិស្ស ចំនួន ២, ២៥០នាក់ ចូលរួមប្រារព្វពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦២ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៥) នៅវិមានឯករាជ្យ ខេត្តតាកែវ ដើម្បីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសទាំងអស់ដែលបានបូជាជីវិតដើម្បីឯករាជ្យជាតិខ្មែរយើង។ សូមបញ្ចាក់ដែរថា ថ្ងៃនេះគឺជាថ្ងៃដែលកម្ពុជាបានទទួលឯករាជ្យពេញលេញ ពីអាណានិគមបារាំង ដោយសារការតស៊ូ យ៉ាងអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់បុព្វបុរសខ្មែរជាពិសេសគឺ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ ថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យយ៉ាងធំធេង និងចងចាំបំផុត សម្រាប់ប្រជាពលរដ្ឋ ខ្មែរទាំងមូល។