ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី


រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ដោយលោកប្រធានក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ប្អូនៗសិក្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះប្អូនៗជាទំពាំងស្នងឫស្សី ដែលក្នុងចំណោមនោះអាចក្លាយជាថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាលនៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានបង្ហាញពីមោទនភាពចំពោះសិស្សានុសិស្សក្នុងខេត្តតាកែវ ដែលមានអាត្រាសិស្ស ថ្នាក់ទី១២ ប្រលងជាប់កើនឡើង ហើយមិនតែប៉ុណ្ណោះសិស្សនិទ្ទេស A ក៏មានការកើនឡើងដែរ ក្នុងកំឡុងពេលនៃការ ធ្វើកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ។
ជាចុងក្រោយគណៈអធិបតីក៏បានចែករង្វាន់ដល់សិស្សឆ្នើមនិទ្ទេស A សិស្សពូកែបឋមសិក្សាក្នុងស្រុកអង្គរបូរី ព្រមទាំង លោកគ្រូ អ្នកគ្រូឆ្នើម និងបានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែងជូនសិស្សានុសិស្សដែលបានប្រលងជាប់ មធ្យមសិក្សាទុតិយភូមិកន្លងមកដែរ។
14708120_643588092479347_101536877481434064_n 14900343_643587552479401_8676812652619280534_n 14906831_643587935812696_3594034019872622714_n 14915132_643587292479427_3963164048032713510_n 14947383_643587285812761_844251732633052721_n