ការផ្តាច់ខ្លួនរបស់សកម្មជនគាំទ្របក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ រួមទាំងបងប្អូនផ្សេងៗទៀតដែលមិនមាននិន្នាការគណបក្សនយោបាយណា ហើយបានមកសុំរួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្ត មានគ្នាសរុប៤២០នាក់បានប្រារព្ធពិធីនៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក សុខ ពុទ្ធិវុធ អនុប្រធានបក្សខេត្ត និងជាប្រធានក្រុមការងារជំនាញសម្របសម្រួលជាមួយយុវជន នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវផងដែរ។
ដោយកំហឹង និងការឈឺចាប់ពីព្រោះតែការចាញ់បោកគណបក្សប្រឆាំងអស់ពេលជាច្រើនឆ្នាំ ដែលមានតែការសន្យាខ្យល់ ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋ បាននាំឲ្យមានការឈ្លោះគ្នារវាងអ្នកជិតខាងនៅក្នុងភូមិដោយការប្រកាន់ និន្នាការ បាននាំឲ្យសកម្មជនបក្សប្រឆាំងនៅក្នុងឃុំកុមារាជា ក្នុងនោះភាគច្រើនជាយុវជន យុវនារី អស់ជំនឿលើបក្សសង្គ្រោះជាតិ បានមកចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ហើយថែមទាំងបានដុតអាវបក្សសង្គ្រោះជាតិចោលទៀតផង។
តំណាងសកម្មជនទាំងនោះបានលើកឡើងថា ការរួមរស់ជាមួយគណបក្សប្រឆាំងអស់ជាច្រើនឆ្នាំមកហើយពុំដែលបានឃើញគណបក្សនេះធ្វើអ្វីឡើយ ផ្ទុយទៅវិញមានតែការដណ្តើមអំណាចគ្នា ការបែកបាក់ បក្សពួកនិយម ការសន្យាខ្យល់ ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ តែការពិតបក្សប្រឆាំងមិនបានជួយអ្វីបន្តិចសោះឡើយដល់ប្រជាពលរដ្ឋ គឺមានតែការជំរុញឲ្យរូបគាត់ដើរអូសទាញ ញុះញង់ និងល្បួងឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មខុសច្បាប់ជាដើម។
ថ្លែងក្នុងពិធីបញ្ចូលសមាជិកថ្មីនេះគណៈអធិបតីបានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់អតីតសមាជិក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាថ្ងៃនេះ និងបានចាត់ទុកការចូលរួមជាមួយគណបក្សប្រជាជននាពេលនេះគឺប្រៀបបាននឹងចង្កឹះមួយបាច់ដ៏រឹងមាំ ច្របាច់បញ្ចូលគ្នា ធ្វើការជាមួយគ្នាដើម្បីបុព្វហេតុកសាងជាតិ និងការអភិវឌ្ឍឲ្យប្រទេសកាន់តែរីកចម្រើន។