ព្រឹកថ្ងៃទី ១២ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ ព្យាបាលជម្ងឺទូទៅ ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ មុនី ហ៊ុន ម៉ាណែត ព្រមទាំងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាសខេត្តតាកែវ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសឹង្ហបុរី ចុះមកពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋក្នុងភូមិគោកបញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែ វប្រមាណចំនួន ៣៦០០នាក់ ។ កម្មវិធីនេះស្ថិតក្រោមអធិតីភាពឯកឧត្តម ពេជ សោភ័ន អនុរដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើបាន។មកទល់ពេលនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានពិនិត្យព្យាបាលជូនប្រជាជននៅទូទាំងប្រទេសបានចំនួនប្រមាណជាង ៧០,០០០នាក់ហើយ។