ដោយកំឡុងពេលនេះជាកូនរដូវប្រាំងបានកើតឡើងក្នុងរដូវបង្កបង្កើនផលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលដោយសារខ្វះទឹក ដូច្នេះនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយលោកប្រធានមន្ទីរ កសិកម្មខេត្ត លោក ប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមានការសហការពីលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក បាននាំយកប្រេងម៉ាស៊ូតចំនួន ១២០០លីត្រ ដើម្បីបូមទឹកជូនបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលស្រូវ នៅភូមិធម្មវិន័យ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថានីយ៏បូមទឹកនេះគឺមានវិសាលភាពអាចស្រោចស្រពដីស្រែបានចំនួន ៣០៥ហិចតា និងបានចូលបច្ច័យចំនួន ១០០ ដុល្លារអាមេរិចសម្រាប់វត្តធម្មវិន័យារាម។
ក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តមានមតិសំណេះសំណាលដោយបានពាំនាំការផ្តាំសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី គឺសម្តេចតែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថារាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺជាការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងជាលំបាករបស់អាជ្ញាធរដែនដី គឺយើងខ្ញុំត្រូវតែរកវិធីដោះស្រាយមិនទុក្ខឲ្យបញ្ហាទាំងនោះគរកាន់តែច្រើននោះទេ ដូចជាថ្ងៃនេះបងប្អូនយើងជួបគ្រោះរាំងស្ងួតខ្វះទឹកសម្រាប់ធ្វើស្រែយើងខ្ញុំបាននាំប្រេងមកជូនសម្រាប់បូមទឹកដើម្បីបង្កបង្កើន ផលឲ្យទាន់ពេលវាលា។